ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះវិហារ ៖ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឱកាសទិវាអន្តរជាតិ៨ មីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ  លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ  ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត  នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា ៖ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថា តែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុលពត។ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងស្ត្រីផងបានកើតមានជាថ្មីក្រោយរបបដ៏យង់ឃ្នងរបស់ ប៉ុលពត ត្រូវបានវាយផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ចាប់តាំងពីថ្ងៃរំដោះរហូតដល់ពេលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តែងបានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ»។ តាមរយៈការយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ដល់សិទ្ធិស្រ្តីនេះ ស្រ្តីខ្មែរបានចូលបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋកាន់តែច្រើន។ ស្ត្រីបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់ជំរុញសេដ្ឋកិច្ចជាតិតាមរយៈការបម្រើការងារលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ វិស័យនេះ ៩០ភាគរយនៃកម្លាំងពលកម្ម គឺជាស្រ្តី។ ពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា លើកទី១១៣ ក្នុងឆ្នាំ២០២៤នេះ នឹងប្រារព្ធការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារីក្រោម មូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ។ នេះ មានគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្ត្រី ដែលមិនអាចកាត់ថ្លៃបាន ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ៕ 

ដោយ ៖ សិលា


ចែករំលែក៖