ភ្នំពេញ៖ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួង ស្រេងចំនួន៥លានរៀល បាននាំយកទៅប្រគល់ជូនក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដែលបានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះជាប់អស់ជាច្រេីនម៉ោងនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោកកាលពីយប់ម៉ិញ ខណៈដែលនាងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
អំណោយដ៏ថ្លៃថ្លានេះត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់អោយតំណាងរបស់លោកនាំយកប្រគល់ជូននាល្ងាចថ្ងៃទី០៧មីនានេះ នៅមន្ទីរពេទ្យគន្ធបុប្ផា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អាណាព្យាបាលក្មេងស្រីរងគ្រោះបានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅពេលដែលពលរដ្ឋជួបទុក្ខលំបាក គឺសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតតែងជួយឧបត្ថមជានិច្ច។
សូមរំលឹកថា៖ នៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៦និង៣០ល្ងាចឆ្នាំ២០២៤ ម្សិលនេះ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានធ្លាក់ពីលេីផ្ទះចូលប្រហោងជញ្ជាំងផ្ទះជាប់អស់ជាច្រេីនម៉ោង ពោលគឺនៅម៉ោងប្រមាណ១០យប់ថ្ងៃដដែល ទើបត្រូវបាន ក្រុម សង្គ្រោះគ្រោះមហន្តរាយ៧១១ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបាន ហើយបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត៕
ដោយ ៖ សំរិត