ភ្នំពេញ៖ ថ្ងៃទី១១ មីនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងដល់អង្គភាពពាក់ព័ន្ធក្រោមឱវាទឱ្យបានជ្រាបថា៖ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រី អភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពជុំវិញសាលារាជធានីភ្នំពេញមេត្តាជ្រាបថា៖ នាឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅក្នុង ការចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។
រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់លើស្មារតីនិងទឹកចិត្តសប្បុរសធម៌ របស់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ដែលជាវប្បធម៌នៃការចែករំលែករបស់ប្រជាជាតិយើង។
អំណោយទាំងអស់ សូមមេត្តាយកមកប្រគល់ជូននៅទីចាត់ការហិរញ្ញវត្ថុសាលារាជធានីភ្នំពេញរៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ / ០១២ ៤២៥ ៩៨៩ ឬបង្វែរតាមគណនី ធនាគារ ABA របស់រដ្ឋបាលរាជធានី. ភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 002 427 351 (KHR) និងលេខ៖ 002 427 343 (USD) ៕
ដោយ៖ សំរិត