ខេត្តស្វាយរៀង៖ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានលើកទឹកចិត្តដល់បេក្ខសមណៈ-បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹក ថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីកាត់បើកវិញ្ញាសាធំប្រឡងចូលរៀនពុទ្ធិកមធ្យមសិក្សាបឋមភូមិនៅមណ្ឌលខេត្តស្វាយរៀង ដោយមាននិមន្តពីព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង ព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះវិន័យធរគណខេត្ត ស្ថិតនៅវត្តជម្ពូព្រឹក្សា ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ក្នុងឱកាសនោះ លោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងបានបន្តថាឆ្នាំនេះមានបេក្ខសមណៈ-បេក្ខជន បានដាក់ពាក្យសុំសិទ្ធិប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្ចាយរៀងចំនួន១៤៥អង្គ-នាក់ ស្មើនឹង៦បន្ទប់។
ចំពោះវិញ្ញាសាសំណេរមានចំនួន៤មុខ គឺ ភាសាបាលី សរសេរតាមអាន ព្រះន័យ និងគណិតវិទ្យា។
លោកបន្តថា វិស័យពុទ្ធិមធ្យមសិក្សាបឋមភូមិនៅមណ្ឌលខេត្តស្វាយរៀង ស្ថិតនៅវត្តជម្ពូព្រឹក្សា នាពេលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាឆ្អឹងខ្នងដ៏រឹងមាំរបស់ ព្រះពុទ្ធសាសនា ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ បានជាយុទ្ធសាស្ត្រ ដើម្បីចូល តាមរយៈក្រសួងធម្មការ និងសាសនា បានដាក់ចេញនូវគោលនយោបាយ រួមចំណែកក្នុងការអភិវឌ្ឍវិស័យពុទ្ធិកសិក្សា។
ព្រះវិសុទ្ធិញ្ញាណ មុំ សយ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្តស្វាយរៀង បានមានថេរដីកា សូមធ្វើការណែនាំដល់ សមណៈ-សិស្សត្រូវមានឯកសារគ្រប់គ្រាន់ បើបេក្ខសមណៈអង្គណាឬបេក្ខជនរូបណាគ្មានឯកសារគ្រប់គ្រាន់ទេអនុរក្សប្រចាំបន្ទប់នីមួយៗ មិនត្រូវអនុញ្ញាតឲ្យចូលបន្ទប់ប្រឡងឡើយ ឬត្រូវចុះអវត្តមានដោយស្វ័យប្រវត្តិ។ មិនត្រូវអនុញ្ញាតឲ្យចុះឈ្មោះបន្ថែមនៅ ក្នុងពេលប្រឡង ឬលុបឈ្មោះចេញ ហើយដាក់ឈ្មោះថ្មី ជំនួស។
បន្ទាប់មកព្រះវិសុទ្ធិញ្ញាណ មុំ សយ លើកទឹកចិត្តដល់បេក្ខសមណៈ-បេក្ខជនទាំងអស់ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងជូនពរប្រឡងទទួលបានលទ្ធផលជោគជ័យ៕
ដោយ៖ សុថាន