ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហ៊ុន ម៉ាណែត បានសម្តែងក្តីរំភើបរីករាយជាខ្លាំង ខណៈបានឃើញការរីកចំរើនគួរឱ្យកត់សម្គាល់នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ

ចែករំលែក៖

ខេត្តកណ្តាល ៖ នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន ម៉ាណែត បានសម្តែងក្តីរំភើបរីករាយជាខ្លាំង ខណៈបានឃើញការរីកចំរើនគួរឱ្យកត់សម្គាល់នៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានសាទរថាជាព្រលានយន្តហោះធំជាងគេរបស់កម្ពុជា និងជាសក្ខីភាពនៃមោទនភាពរបស់ប្រទេសជាតិ។

សម្តេចនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងពិធីចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ដែលធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ដោយឆ្លុះបញ្ចាំងពីបទពិសោធន៍នេះ នាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា «អារម្មណ៍រំភើបតាំងពីឡានចូលមក ពីផ្លូវខ្សែក្រវ៉ាត់ក្រុងចូលមកដល់ក្នុង ហើយមកលើនេះ ទោះបីមិនទាន់ចប់(សាងសង់ចប់) ក៏ដោយ តែអារម្មណ៍រំភើបព្រឺរោម ថ្ងៃមុនទៅសម្ពោធអាកាសយានដ្ឋានអន្តរជាតិអង្គរ មានអារម្មណ៍រំភើបម្តងហើយ»។

យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ការសាងសង់លើអាកាសយានដ្ឋានអន្តរជាតិតេជោ 4F បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ម៉ៅ ហាវណាល់ បានលាតត្រដាងថា ដំណាក់កាលទី១ នៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១% ជាមួយនឹងការចំណាយសរុបចំនួន ៩៦១លានដុល្លារអាមេរិក ដែលបានបែងចែកសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ លើសពីការគ្រោងទុកនៃការវិនិយោគសរុបចំនួន ១.៥ពាន់លានដុល្លារ។ .

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានគូសបញ្ជាក់ថា តាមផែនការដែលបានគ្រោងទុក ដំណាក់កាលសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ចាត់ថ្នាក់ជា 4F គ្រោងនឹងបើកដំណើរការនៅឆមាសទី១ ឆ្នាំ២០២៥។ 

សូមបញ្ជាក់ថា ៖ ដំណើរអញ្ជើញពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋាននេះ បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះដំណើរការសាងសង់អាកាសយានដ្ឋានដ៏ទំនើបលើកដំបូងនៅកម្ពុជា ហើយក៏ជាការផ្តល់កម្លាំងចិត្តដល់ក្រុមការងារសាងសង់ទាំងអស់នៅការដ្ឋាន ដែលបានប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់លើការសាងសង់ ដើម្បីនាំមកនូវសមិទ្ធផលជាប្រវត្តិសាស្ត្រជូនជាតិម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖