ខេត្តក្រចេះ ៖ បុរសជាជនជាតិព្នងម្នាក់ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំថ្មី ចុះស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តក្រោយពីធ្វើសក្ម្មភាពលួចយកសាំងមកចាក់ស្រោចលើប្រពន្ធទាំងរស់ហើយដុតនៅលើផ្ទះរបស់ខ្លួនបណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រោយលួចចាក់សាំងដុតប្រពន្ធទាំងរស់នៅលើផ្ទះរបស់ខ្លួនទាំងកណ្តាលអធ្រាត្រយប់ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ស្ថិតនៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ឆេះ ផល អាយុ៤៧ឆ្នាំជនជាតិពូនង រស់នៅភូមិឃុំកើតហេតុខាងលើដោយមានសតិមិនប្រក្រតីផង ។
ប្រភពបន្តថា នៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យកំពុងសម្រាកជាមួយប្រពន្ធ ហើយពេលនោះស្ត្រីជាប្រពន្ធឈ្មោះ ខ្វែ ញ៉ាម បាននិយាយទៅកាន់ប្ដីថា៖ ខ្ញុំចង់នាំឯងទៅរកគ្រូបុរាណខ្មែរដើម្បីស្រោចទឹក និងចងខ្សែចង្កេះឱ្យជានាដូចគេ កុំឱ្យមានជំងឺដូចសព្វថ្ងៃនេះតទៅទៀត។
បន្ទាប់ពីនិយាយប្រាប់ប្តីហើយភ្លាមនោះឈ្មោះ ឆេះ ផល ជាប្តីក៏បានប្រកែកដាច់ខាតមិនព្រមទៅឡើយហើយនិយាយថា៖ អញមិនទៅណាទេ. ឯងចង់ទៅៗម្នាក់ឯងចុះ ប្រកែកគ្នាហើយអ្នកទាំងពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះតាមធម្មតាវិញ។
លុះដល់វេលាម៉ោង ២៖០០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៣ មីនា ខណៈស្រ្តីជាប្រពន្ធកំពុងដេកលក់ផងនោះ ជនសង្ស័យក៏បានយកប្រេងសាំងកន្លះលីត្រទៅចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុតតែម្តង បណ្ដាលឱ្យឆេះរលាកពេញខ្លួនត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះភ្លាមៗដែរ ។
ក្រោយប្រព្រឹត្តរួចភ្លាមៗនោះជនសង្ស័យក៏បានរត់គេចខ្លួនបាត់ទៅ។កម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី រួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំថ្មីចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែមីនា២០២៤។
ក្រោយការចាប់ឃាត់ខ្លួន ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកប្រេងសាំងចាក់ស្រោចលើខ្លួនប្រពន្ធឈ្មោះ ខ្វែ ញ៉ាម ហើយកេះដែកកេះដុតប្រាកដមែនដោយសារខឹងបបួលនាំទៅរកគ្រូខ្មែរស្រោចទឹកដាក់ខ្សែចង្កេះ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌស្នងការដ្ឋាននគបាលខេត្តបន្តនីតិវិធី៕
ដោយ ៖ ជីវ័ន្ត