ភ្នំពេញ៖ កម្មករអ៊ុតកៅស៊ូ ជម្រាបទឹក ម្នាក់បានបាត់បង់ជីវិតនិង៣នាក់ទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ បាក់ជញ្ជាំងអាងស្តុកទឹកក្រោមដី ខណៈកម្មករកំពុងអ៊ុតកៅស៊ូ ត្រូវជញ្ជាំងបាក់សង្កត់។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣រសៀល ថ្ងៃទី២៧ មីនា ២០២៤ ស្ថិតនៅក្នុងការដ្ឋានសាងសង់ផ្ទះមួយក្បាលដីលេខ១៦៩ ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
តាមសម្តីពីសាច់ញាតិជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ ចឹក ប៊ុនថា ភេទប្រុសអាយុ ២៩ឆ្នាំ មុខរបរកម្មករជាងអ៊ុតកៅស៊ូជម្រាបទឹក ស្នាក់នៅម្តុំលូ៥ ស្ទឹងមានជ័យ ស្រុកកំណើតនៅស្រុក ព្រៃកប្បាស ខេត្តតាកែវ ។
តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា មុនកើតហេតុ គឺ មានក្រុមជាងអ៊ុតជម្រាបទឹកចំនួន៤នាក់ បានចុះចូលក្នុង អាងស្តុកទឹក ដើម្បីអ៊ុតកៅស៊ូជម្រាបទឹក ស្របគ្នានោះ មានកម្មករម្នាក់ទៀតបើកគ្រឿងចក្រ ចូកខ្សាច់ ដាក់ផ្ទប់នឹងជញ្ជាំងអាង ដែលឡានដឹកមកចាក់ទុក ។
ខណៈកំពុងអ៊ុតកៅស៊ូ និងគ្រឿងចក្រចូកខ្សាច់ ស្រាប់តែបាក់ជញ្ជាំងអាងសង្កត់ ជនរងគ្រោះស្លាប់ភ្លាម និងកម្មករ៣នាក់ទៀតរបួសធ្ងន់២នាក់ ស្រាលម្នាក់។ភ្លាមៗ កម្មករក្នុងការដ្ឋានបាន ចុះជួយ និងតេហៅរថយន្តសាមុយ មន្ទីរពេទ្យតេជោសន្តិភាពដឹកទៅសង្គ្រោះផងដែរ។
ក្រោយកើតហេតុ កម្លាំងជំនាញចុះដល់កន្លែងកើតហេតុបានពិនិត្យ និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ។
ជនរងគ្រោះ ទី១-ឈ្មោះ ចឹក ចន្ថា អាយុ៣២ឆ្នាំ បានស្លាប់នៅនឹងកន្លែង ទី២-ឈ្មោះ ខន ខឿន អាយុ ៤១ឆ្នាំ រងរបួសចង្កេះ និងទី៣-ឈ្មោះ ខ្លី ចាន់ អាយុ៣៣ឆ្នាំ រងរបួសបាក់ភ្លៅស្តាំ ប្រអប់ជើងឆ្វេង (ទាំងបីនាក់ មុខរបរកម្មករអ៊ុតកៅស៊ូជម្រាបទឹក) ។
ជនសង្ស័យអ្នកបើកត្រាក់ទ័រ មិនទាន់ស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុប្រហែល២០ឆ្នាំ បានរត់គេចខ្លួនបាត់ ។
កម្លាំងផ្នែកជំនាញយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងការិយាល័យកោសល្យវិច័យ នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស៊ើបអង្កេតស្រាវជ្រាវ ។
សពបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ រ៉ារ៉ា