ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ២០២៣ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត។ មហាសន្និបាតនេះ នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Garden City។ មហាសន្និបាតនេះ គឺមហាសន្និបាតជាប្រវត្តិសាស្ត្រលើកទី១ សម្រាប់វិស័យយុត្តិធម៌របស់កម្ពុជា ដែលពុំធ្លាប់រៀបចំកន្លងមក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ព្រមទាំង ចៅក្រម និងព្រះរាជអាជ្ញា មកពីសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស ប្រមាណជាង ៧០០នាក់។
មហាសន្និបាតនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលវិស័យយុត្តិធម៌សម្រេចបានក្នុងឆ្នាំ២០២៣, ពិនិត្យ និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យយុត្តិធម៌ និងកំណត់ទិសដៅការងារជាអាទិភាពបន្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ស្របតាមគោលនយោបាយ និងទិសដៅយុទ្ធសាស្រ្ត ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និងវិធានការគន្លឹះទី ៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនៃការជួបជុំដ៏ធំពុំធ្លាប់មាននេះ, មហាសន្និបាតបានកំណត់យកបញ្ហាប្រឈមសំខាន់ៗចំនួន ៨ ដែលសុទ្ធសឹងជាបញ្ហាប្រឈមក្នុងការអនុវត្តនាពេលកន្លងមក ដើម្បីអង្គមហាសន្និបាតពិនិត្យ ពិភាក្សា និង សម្រេចដាក់ចេញនូវដំណោះស្រាយរួមចំពោះបញ្ហាប្រឈមគន្លឹះទាំងនេះ ដែលអាចធានាបាននូវការឯកភាពទាំងលើគោលជំហរ ទាំងលើទស្សនៈ ក្នុងការអនុវត្តនៅតាមសាលាជម្រះក្តី និង អង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សំដៅពង្រឹង និង លើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាយុត្តិធម៌ និង គុណភាពនៃយុត្តិធម៌នៅកម្ពុជា ។ នៅចុងបញ្ចប់នៃមហាសន្និបាតនេះ, មហាសន្និបាតនឹងត្រូវសម្រេចរួមគ្នាលើបញ្ហាប្រឈមទាំង ៨ នោះ និងត្រូវដាក់ចេញនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាត ដើម្បីជាមូលដ្ឋានសម្រាប់ការអនុវត្តនៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
គួរបញ្ជាក់ផងដែរថា ប្រធានបទទាំង ៨ នេះ រួមមាន៖ (ទី១)-ការអនុវត្តក្រមរដ្ឋប្បវេណី និង ក្រមនីតិវិធីរដ្ឋប្បវេណី ៖ ប្រសិទ្ធភាព និង បញ្ហាប្រឈម, (ទី២)-ការចេញដីកាសម្រេចរក្សាការពារ, (ទី៣)-ការលើកកម្ពស់ប្រសិទ្ធភាព និង ជំនឿទុកចិត្តលើការលក់ដោយបង្ខំនូវអចលនវត្ថុ, (ទី៤)-ការជូនដំណឹង និង ការបញ្ជូនសេចក្តីសម្រេចរបស់តុលាការ, (ទី៥)-ការអនុវត្តក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្មទណ្ឌ ៖ ប្រសិទ្ធភាព និង បញ្ហាប្រឈម, (ទី៦)-ការជូនដំណឹងអំពីសាលក្រមកំបាំងមុខ (ការជូនដំណឹងសេចក្តីសម្រេចរបស់តុលាការ), (ទី៧)-បទល្មើសប្រព្រឹត្តដោយអនីតិជន និង (ទី៨)-បណ្តឹងឧទ្ធរណ៍ និង បណ្តឹងសាទុក្ខរបស់ដើមបណ្តឹងរដ្ឋប្បវេណីចំពោះសេចក្តីសម្រេចព្រហ្មទណ្ឌ ៕
ដោយ ៖ សិលា