ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក សុខ ឥសាន បានថ្លែងថា ក្រុមហ៊ុនឯកជនមួយបើមានបដិវាទកម្ម វាត្រូវអ្នករងគ្រោះដាក់ពាក្យប្តឹងទៅស្ថាប័នមានសមត្ថកិច្ចឲ្យដោះស្រាយតាមច្បាប់។ ម្យ៉ាងទៀត មិនមែនរឿងអីក៏រដ្ឋចេះតែលូកដៃចូលដោយគ្មានដឹងពីអង្គហេតុអង្គច្បាប់ទេ វាត្រូវមានជនរងគ្រោះធ្វើជាដើមបណ្តឹង។ ចំពោះការដាក់លុយនិងដកលុយមានលក្ខ័ណ្ឌដាក់ដក បើសាម៉ីជនទៅសុំដកហើយក្រុមហ៊ុនមិនព្រមដកជូនទេ សាម៉ីជនមានសិទ្ធិប្តឹងទៅស្ថាប័នមានសមត្ថកិច្ច។ ហើយក្រុមហ៊ុនឆបោកច្រើនកើតនៅប្រទេសមាននីតិរដ្ឋខ្សោយ ចុះក្រុមហ៊ុនបោកWCM បោកនៅអាមេរិកនោះយ៉ាងម៉េចដែរ? ការផ្សាយថាសង្ស័យអ្នកនេះអ្នកនោះរកស៊ីលាងលុយកខ្វក់ ជារឿងមិនពិតដែលនាំឲ្យប៉ះពាល់កិត្តិយសអ្នកដទៃ។ ការប្រើពាក្យសង្ស័យគ្រាន់តែជាការចោទប្រកាន់គ្មានមូលដ្ឋានតែប៉ុណ្ណោះ។
លោក សុខ ឥសាន បន្តថា ៖ ការផ្សាយព័ត៌មានដោយប្រើពាក្យសង្ស័យឬប្រហែល គឺជាការរំលោភសិទ្ធិអ្នកដទៃបាត់ទៅហើយ ហើយអាចថាជាការប្រឌិតព័ត៌មានក្លែងក្លាយ។ អ្នកបោកភាគច្រើនជាអ្នកចេះឆ្លាត = ឯអ្នកចាញ់បោកគេភាគច្រើនជាមនុស្សល្ងង់និងលោភលន់ ៕
ដោយ ៖ សិលា