ខេត្តបាត់ដំបង៖ ដេីមកញ្ឆាស្រស់ចំនួន ៤០០ដើម ត្រូវបានកម្លាំងសមត្ថកិច្ចចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបនៅស្រុករតនមណ្ឌល ក្រោយលួចដាំនៅចំណុចភ្នំវែងក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះបានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២៧ ខែមីនាម្សិលមិញនេះ នៅចំណុចភ្នំវែងក្នុងចម្ការស្វាយចន្ទីមួយកន្លែង ស្ថិតក្នុងភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល សហការជាមួយកម្លាំងវរសេនាតូចថ្មើរជើងលេខ៥២៣ ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការ បង្ក្រាបករណីដាំដុះដោយខុសច្បាប់នូវរុក្ខជាតិញៀន (កញ្ឆា) ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ជនសង្ស័យបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចយើងទៅដល់ (មិនស្គាល់អត្តសញ្ញាណ) ។ វត្ថុតាងចាប់យកបានរួមមាន៖ ដើមកញ្ឆាស្រស់ចំនួន ៤០០ដើម ។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កំពុងស្រាវជ្រាវរកជនសង្ស័យ យកមកចាត់វិធានការតាមនីតិវិធី៕
ដោយ៖ តារា