ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ កសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ចំនួន ៣៨គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១០២ហិកតា បានស្ម័គ្រចិត្តឯកភាពគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប»

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ចំនួន ៣៨គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១០២ហិកតា បានស្ម័គ្រចិត្តឯកភាពគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប»។ ក្រុមការងារនឹងបំពេញនីតិវិធីបន្ទាប់ ដើម្បីទទួលស្គាល់សហគមន៍ថ្មីនេះជាផ្លូវការនាពេលខាងមុខ។ នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។ 

លោក ឃឹម ហ្វីណង់ បន្តថា ៖ បច្ចុប្បន្ន ក្រុមការងារបានព្យាយាមភ្ជាប់ទីផ្សារជូនសហគមន៍ទុកឱ្យហើយ ដោយមានក្រុមហ៊ុនចំនួន២ កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីដោយផ្ទាល់ពីសហគមន៍ ក្នុងតម្លៃលើសពីទីផ្សារ។ តាមការប៉ាន់ស្មានទិន្នផលជាមធ្យមសម្រាប់ឆ្នាំនេះ សហគមន៍អាចប្រមូលផលបានប្រមាណ ២០០តោន ដែលជាចំនួនមួយដែលក្រុមហ៊ុនទាំងពីរខាងលើអាចធានាទិញយកបានទាំងអស់តែម្តង។ 

សូមបញ្ជាក់ថា កសិករមួយក្រុមនេះ គឺជាសមាជិកចាស់នៃសហគមន៍ដែលមានស្រាប់ ក្នុងចំណោមសមាជិកសរុបរហូតដល់ទៅ ១៨៩គ្រួសារ ជាមួយនឹងផ្ទៃដីដាំដុះជិត ៦០០ហិកតា។ សង្ឃឹមថាជាមួយនឹងការចាប់ផ្តើមថ្មីក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ការផ្សារភ្ជាប់ទីផ្សារទុកជាមុន ការផ្តល់ទុកកម្ចីការប្រាក់ទាបដោយគ្មានវត្ថុបញ្ចាំ និងការគាំទ្របច្ចេកទេស ពុកម៉ែបងប្អូនសមាជិកដទៃទៀត ក៏ដូចជាកសិករនានានៅក្នុងឃុំសាលាវិស័យ នឹងពិចារណាចូលរួមជាមួយសហគមន៍ក្នុងពេលអនាគតផងដែរ។ #សហគមន៍កសិកម្មទំនើប | #សហគមន៍សាលាវិស័យ ៕

ដោយ ៖ សិលា


ចែករំលែក៖