ខេត្តមណ្ឌលគិរី៖ ចាត់ទុកជាព័ត៌មានសោកសៅមួយស្របពេលដែលមានសេចក្តីរាយការណ៍ថា កូនដំរីស្រុកមួយក្បាលឈ្មោះ “ជីពេជ្រ” បានងាប់ថ្ងៃ ទី៣១ ខែមីនាឆ្នាំ២០២៤នៅខេត្តមណ្ឌលគិរី។ កូនដំរីជីពេជ្រមានអាយុប្រមាណជាងពីរឆ្នាំប៉ុណ្ណោះ។
ប្រភពពីអង្គការថែរក្សាសត្វដំរី ជីវភាពរស់នៅកិច្ចផ្តួច ផ្តើម និងបរិស្ថាន Elephant Livelihood Initiative Environment organisation ( E.L.I.E) បានឱ្យដឹងថា ដំរីស្លាប់ ឈ្មោះ ជីពេជ្រ ភេទ ញី មានអាយុ ២ឆ្នាំ ៦ថ្ងៃ។ ប្រភពនេះបញ្ជាក់អំពីមូលហេតុដែលបណ្ដាលឲ្យកូនដំរីនេះស្លាប់គឺដោយសារ វាឈឺ,ហើមដៃជើង,ហើមខ្លួន,ឈឺតែក្នុងរយ:ពេល ១ថ្ងៃគឺ នៅថ្ងៃ ៣១ មីនា ឆ្នាំ ២០២៤ហើយបានស្លាប់នៅវេលាម៉ោង៩ យប់នៅក្នុង អូរប៉ុងប៉ាស់( ចន្លោះស្រែអុី និងពូត្រុំ) ក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
គួរបញ្ជាក់ថា ជីពេជ្រ មានមេឈ្មោះ ជីប៉ាល់។ «ជីប៉ាល់» ជាដំរីស្រុកញីតែ១គត់នៅខេត្តមណ្ឌលគិរី ដែលបង្កើត បានកូនញី១ក្បាលឈ្មោះនាង«ជីពេជ្រ» កាលពីព្រឹកថ្ងៃច័ន្ទទី២២ ខែ មីនា ឆ្នាំ២០២២។ «ជីពេជ្រ» ជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី ។
កាលនោះ ប្រធានអង្គការ ELIE កញ្ញា Jemma Bullock បានលើកឡើងថា នាងពិតជាមានសេចក្តីរំភើបរីករាយបំផុតព្រោះជាលើកទី១ ហើយ ដែលមាន កូនដំរីស្រុកកាត់ព្រៃនៅលើទឹកដី ខេត្តមណ្ឌលគិរី។ កញ្ញាបាន ពន្យល់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះមានតម្លៃស្មើគ្រាប់ ពេជ្រមួយគ្រាប់ដែលបានចាប់កំណើតនៅខេត្តមណ្ឌលគិរី។
កញ្ញាបានបន្តទៀតថា អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ ឆ្នាំមុន មានដំរីព្រៃឈ្មោលមួយក្បាលបានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានដើរឆ្លងកាត់ ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ Elephant Valley Project របស់យើង បន្ទាប់មកបាននាំជីប៉ាល់ទៅក្នុងព្រៃជាមួយរយះពេល ២សប្តាហ៍ ដែលជាលទ្ធផលធ្វើអោយនាង(ជីប៉ាល) មានផ្ទៃពោះដោយមិនបានព្រៀងទុក។កញ្ញាបានបន្តទៀតថា ម្តាយនឹងកូនមានសុខភាពល្អបន្ទាប់ពីបានសម្រាលកូនបានបីថ្ងៃ ដែលជីប៉ាល់បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាលជីពេជ្រ ។
កញ្ញាបានបន្តទៀតថា មុនដំបូងយើងព្រួយបារម្មណ៍ខ្លាំងខ្លាចមេដំរីខឹង នឹងខ្លាចកូនដំរីហើយរត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិតគឺខុសស្រឡះ ព្រោះនាងបានបង្ហាញក្តីស្រលាញ់ ការពារយកចិត្តទុកដាក់ចំពោះកូន បំបៅដោះកូន ធ្វើអោយកូនរឹងមាំនឹងសុខភាពល្អ។
បច្ចុប្បន្ន ជីពេជ្រ មានសុខភាពល្អ ក្រោមការមើលថែរបស់ក្រុមការងារអភិរក្សសត្វដំរី នឹងម្តាយរបស់នាងផងដែរ។
នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុកនិងកន្ទុយដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។ ប៉ុន្តែបានកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្សនិងសត្វដំរីព្រៃបានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយនិងចម្ងាយជិតតាមរដូវកាល និងការ ស្វែងរកចំណីអាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួក វានិងលើសពី នេះដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជន រហូតដល់រងរបួស ឬឈានដល់ការ សម្លាប់ជាការសង សឹកនឹងដំរីព្រៃដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។
ពលរដ្ឋខ្លះបានប្រើប្រាស់មធ្យោបាយផ្សេងៗដើម្បីរំខានដំរីដូចជាការធ្វើក្តារដាំដែកគោលដាក់តាមផ្លូវដើម្បីកុំឱ្យដំរីចូលស៊ីដំណាំរបស់ខ្លួនជាដើម។ ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសម្បែង និងការដាំដំណាំនៅតាមច្រករបៀងដែលសត្វដំរី ឆ្លងកាត់ក៏ជាបញ្ហាមួយចោទផងដែរ៕
ដោយ៖ សូរិយា