ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន និង លោក អ៊ុច បូររិទ្ធ ទទួលបានការបោះឆ្នោតគាំទ្រឱ្យធ្វើជា អនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភា ដោយសំឡេង៦២/៦២រូប

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនថា ៖ បន្ទាប់ពីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ឱ្យធ្វើជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ សម័យប្រជុំលើកទី១ ព្រឹទ្ធសភា បានបោះឆ្នោតគាំទ្រ លោក ប្រាក់ សុខុន ឱ្យធ្វើជាអនុប្រធានទី១ និងគាំទ្រ លោក អ៊ុច បូររិទ្ធ ឲ្យធ្វើជាអនុប្រធានទី២ នៃព្រឹទ្ធសភាផងដែរ ជាមួយនឹងសំឡេងគាំទ្រ៦២/៦២រូប។

ពិធីបើកសម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភា នីតិកាលទី៥ បានធ្វើឡើងក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ហើយបន្ទាប់ពីនោះ ព្រឹទ្ធសភាក៏បានបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនរបស់ខ្លួនសម្រាប់នីតិកាលថ្មី។

សូមបញ្ជាក់ថា ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ បាន បើកសម័យប្រជុំ លើកដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សម័យប្រជុំលើកដំបូងរបស់ខ្លួនសម្រាប់នីតិកាលទី៥នេះ បានប្រព្រឹត្តទៅលើ របៀប វារៈ សំខាន់ៗ ចំនួ ន២៖ 

ទី១- ប្រកាសសុពលភាពនៃអាណត្តិសមាជិកនីមួយៗ, ។

ទី២- បោះឆ្នោត ជ្រើសរើស ប្រធាន និងអនុប្រធានទាំងទី១ ទី២ ព្រឹទ្ធសភា។

ជាលទ្ធផលអង្គបោះឆ្នោតបានបោះឆ្នោតគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះ ដោយសំឡេងគាំទ្រចំនួន ៦២លើ៦២សំឡេង នៃសមាជិកព្រឹទ្ធសភាទាំងមូល។ បើសិនបើគ្មានការប្រែប្រួលទេពិធីស្បថចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ នៅ ក្នុង ព្រះបរមរាជវាំង ៕

ដោយ ៖ សិលា


ចែករំលែក៖