ទំនាក់ទំនងកម្រិតខ្ពស់បែបនេះរវាងមន្ត្រីជិតស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន និងរដ្ឋមន្ត្រីកំពូលនៃមហាអំណាចអឺរ៉ុបគឺកម្រមានណាស់។
ជាលើកដំបូងក្នុងរយៈពេល មួយឆ្នាំកន្លះ រដ្ឋមន្ត្រីការពារជាតិបារាំង Sebastien Lecornu បានទូរស័ព្ទទៅសមភាគីរុស្ស៊ី នេះបើយោងតាមការប្រកាសរបស់ក្រសួងការពារជាតិបារាំង។ នេះជាការសន្ទនាលើកដំបូងរវាងរដ្ឋមន្ត្រីទាំងពីរចាប់តាំងពីខែតុលា ឆ្នាំ២០២២មក។
ទំនាក់ទំនងកម្រិតខ្ពស់បែបនេះរវាងមន្ត្រីស្និទ្ធស្នាលជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងរដ្ឋមន្ត្រីកំពូលនៃមហាអំណាចមួយនៅអឺរ៉ុបគឺកម្រមានណាស់ក្នុងរយៈពេលជាងពីរឆ្នាំចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន។
នៅក្នុងការសន្ទនាដ៏កម្រមួយជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅថ្ងៃទី 3 ខែមេសា លោក Lecornu បាននិយាយថា ប្រទេសបារាំងត្រៀមខ្លួនជាស្រេចដើម្បីបង្កើនការផ្លាស់ប្តូរដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មបន្ទាប់ពីការបាញ់ប្រហារដ៏បង្ហូរឈាមនៅជាយក្រុងម៉ូស្គូនៃប្រទេសរុស្ស៊ី។
ជំនួបពិភាក្សាខាងលើកើតឡើងក្នុងពេលដែលទំនាក់ទំនងរុស្ស៉ីជាមួយ NATO ធ្លាក់ដុនដាបដល់កម្រិតសូន្យ ។ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Alexander Grushko បាននិយាយក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយនាថ្ងៃព្រហស្បតិ៍នេះថា ទំនាក់ទំនងរុស្ស៉ី-ណាតូ (NATO) កំពុងបន្តធ្លាក់ដុនដាបខ្លាំង ប៉ុន្តែទីក្រុងមូ៉ស្គូមិនមានចេតនាធ្វើសង្រ្គាមជាមួយសមាជិកណាមួយ នៃបក្សសម្ព័ន្ធយោធាលោកខាងលិចនេះឡើយ។
ក្នុងសេចក្តីអត្ថាធិប្បាយនាឱកាសខួបទី៧៥ នៃការបង្កើតអង្គការ NATO លោក Grushko បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៉ី RIA ថា ទំនាក់ទំនងរវាងរុស្ស៉ីនិង NATO កំពុងតែបន្តធ្លាក់ចុះដុនដាប ហើយច្រកកិច្ចសន្ទានាទាំងអស់រវាងភាគីទាំងពីរ ត្រូវបានធ្វើឱ្យធ្លាក់ដល់កម្រិតសូន្យ ដោយសារតែទីក្រុងវ៉ាស៉ីនតោន និងទីក្រុងព្រុចសែល។ លោកអនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានបន្ថែមដូច្នេះថា «តើបក្សសម្ព័ន្ធយោធាមួយនេះ ត្រៀមខ្លួនសម្រាប់ការផ្ទុះជម្លោះដោយបើកចំហជាមួយរុស្ស៉ីឬយ៉ាងណា? អ្នកត្រូវតែសួរសមាជិក NATO ផ្ទាល់។ ក្នុងករណីណាក៏ដោយ យើងមិនមានចេតនាបែបនេះឡើយ ពាក់ព័ន្ធសមាជិករបស់ NATO»។
ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បានបញ្ជាឱ្យកងទ័ពរុស្ស៉ី ចូលឈ្លានពានប្រទេសជិតខាងនៅភាគខាងលិចរបស់ខ្លួន គឺអ៊ុយក្រែនកាលពីឆ្នាំ២០២២ ដោយហេតុផលមួយនៅពីក្រោយការធ្វើយ៉ាងដូច្នោះ គឺដើម្បីទប់ស្កាត់កុំឱ្យ NATO ពង្រីកខ្លួនកាន់តែជិតប្រទេសរុស្ស៉ី។ ផ្ទុយទៅវិញ សង្រ្គាមរបស់លោក ពូទីន បានធ្វើឱ្យបក្សសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ ពង្រីកសមាជិកបន្ថែមដល់ចំនួន៣២ តាមរយៈការទទួលយកហ្វាំងឡង់និងស៊ុយអែត។
បណ្តាសមាជិកនៃអង្គការ NATO បាននិងកំពុងជួយគាំទ្រអ៊ុយក្រែន ប្រយុទ្ធតស៊ូប្រឆាំងការឈ្លានពានរបស់រុស្ស៉ី ដែលបានអូសបន្លាយពេលជាង២ឆ្នាំមកហើយ។
រុស្ស៉ីចោទថា ការគាំទ្រនេះបានធ្វើឱ្យ NATO ប្រៀបដូចជាភាគីមួយនៅក្នុងជម្លោះដែរ។ កាលពីខែកុម្ភៈ លោក ពូទីន បាននិយាយថា ការផ្ទុះជម្លោះដោយផ្ទាល់រវាងរុស្ស៉ីនឹង NATO គឺស្មើមានន័យថា ពិភពលោកសល់តែមួយជំហានប៉ុណ្ណោះ នឹងឈានដល់សង្រ្គាមលោកលើកទី៣៕
ដោយ៖ ធីរីណា(រូបថត៖ AFP)