ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ បណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីមានបំពាក់ QR Code ទប់ស្កាត់ការក្លែងក្លាយចេញជូនគ្រប់អ្នកសារព័ត៌មានទាំងអស់

ចែករំលែក៖

ភ្នំពេញ​៖លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាដើម្បីគ្រប់គ្រងចំនួនអ្នកសារព័ត៌មាននៅកម្ពុជាឱ្យបានច្បាស់លាស់,  ក្រសួងបានចេញបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានទម្រង់ថ្មីប្រកបគុណភាពខ្ពស់ដោយមានការបំពាក់ QR Code និងប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ដោយសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដើម្បីទប់ស្កាត់ការក្លែងបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មាន។ ការថ្លែងនេះធ្វើឡើងនៅអំឡុងឯកឧត្តមរដ្ឋមន្ត្រី បានចុះពិនិត្យការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយនៅទីស្តីការក្រសួងព័ត៌មាននៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ 

ឯកឧត្តមបានថ្លែងថាក្រសួងព័ត៌មានបានរៀបចំបច្ចេកទេសរួចរាល់ក្នុងការផ្តល់បណ្ណសម្គាល់អត្តសញ្ញាណ និងបានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានដែលបានដាក់ពាក្យស្នើសុំបណ្ណនាពេលកន្លងមក សូមអញ្ជើញមកទទួលយកនៅច្រកចេញចូលតែមួយរបស់ក្រសួងព័ត៌មាននៅរៀងរាល់ថ្ងៃធ្វើការ ពេលទទួលបានការទាក់ទងពីមន្ត្រីច្រកចេញចូលតែមួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាក្រសួងនឹងចេញបណ្ណសម្គាល់អត្តសញ្ញាអ្នកសារព័ត៌មាននេះជូនដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ដែលចង់បានបណ្ណសម្គាល់អត្តសញ្ញាណអ្នកកាសែតដែលចេញដោយក្រសួងព័ត៌មាន ដោយមិនកំណត់ចំនួនតាមស្ថាប័នតូចឬធំដូចពីមុនទេ។ 

 ឯកឧត្តមបានថ្លែងថាចំពោះអង្គភាពសារព័ត៌មានដែលបន្តចេញបណ្ណសម្គាល់ខ្លួនជូនអ្នកកាសែតខ្លួនអាចបន្តធ្វើបាន ប៉ុន្តែស្នើសុំឱ្យស្នើសុំយក​ QR Code ពីអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ដើម្បីបំពាក់លើបណ្ណដែលខ្លួនចេញ។ ប៉ុន្តែឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានរំឭកថាករណីការបោះពុម្ពដោយសាម៉ីអង្គភាពមិនមានគុណភាពល្អ អាចធ្វើឱ្យពិបាកក្នុងការផ្ទៀងផ្ទាត់ QR Code។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីលើកទឹកចិត្តដល់បងប្អូនអ្នកសារព័ត៌មាន ដាក់ពាក្យស្នើសុំបណ្ណសម្គាល់អត្តសញ្ញាណចេញដោយក្រសួងដើម្បីទទួលបានភាពស្របច្បាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន។ 

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងអំណរគុណចំពោះសមាគមអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ដែលបាន ផ្តល់នូវការសហការល្អ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថានៅកម្ពុជាអង្គភាពសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបមានជាង ២០០០ ហើយអ្នកសារព័ត៌មានមានប្រមាណជិត ១ម៉ឺននាក់ ហើយគិតត្រឹមដំណាច់ខែមីនា មានអ្នកសារព័ត៌មានប្រមាណជាង ៥០០០​នាក់ដែលបានដាក់ពាក្យសុំបណ្ណសម្គាល់អត្តសញ្ញាណអ្នកសារព័ត៌មានពីក្រសួងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាក្រសួងព័ត៌មាននឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីពន្លឿនការចេញបណ្ណសម្គាល់អត្តសញ្ញាណ និងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាជូនបងប្អូនអ្នកសារព័ត៌មាន៕​

ដោយ៖ ស តារា


ចែករំលែក៖