ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ ៖​ អំពាវនាវដល់អតិថិជន និងសាធារណជនយោគយល់ និងអធ្យាស្រ័យដល់ការផ្តល់សេវានានារបស់បងប្អូនកម្មករនិយោជិត និងម្ចាស់អាជីវកម្ម ក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅថ្ងៃទី​១២​ ខែមេសា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្តីអំពាវនាវ និងជូនព័ត៌មាន ដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី។ 

នៅក្នុង​សេចក្ដីជូនដំណឹងខាងលេីនេះ​ បានបញ្ជាក់ថា​ ខណៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានខិតជិតមកដល់ បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសភាគច្រើន បាននិងកំពុងធ្វើដំណើរទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ និងប្រារព្ធពិធីផ្សេងៗតាម ទំនៀមទម្លាប់ ប្រពៃណី សាសនា និងមានការធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា ប្រកបដោយភាពសប្បាយរីករាយក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ ជាមួយគ្នានេះ បងប្អូនកម្មករនិយោជិតមួយចំនួន ដែលបម្រើការងារនៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ នឹងផ្ទះសំណាក់នានា នឹងមានភាពមមាញឹកទ្វេដងក្នុងការផ្តល់សេវាជូនអតិថិជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងន័យនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត និង សាធារណជន ដែលបានឈប់សម្រាក និងធ្វើដំណើរកម្សាន្ត ឬទៅទទួលសេវានៅតាមរមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់នានា សូមមានការយោគយល់អធ្យាស្រ័យដល់បងប្អូនកម្មករនិយោជិត អ្នកផ្តល់ សេវា និងម្ចាស់អាជីវកម្ម ប្រសិនមានករណីយឺតយ៉ាវ ឬខ្វះខាតដោយប្រការណាមួយក្នុងអំឡុងពេលនេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមថ្លែងអំណរគុណ និងសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះស្មារតីមនសិការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិតផ្នែកសេវាសារវន្តទាំងអស់ ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន បំពេញនូវភារកិច្ចជាសារវន្ត និងមានចរិតជាសកលរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួននាឱកាសនេះ។

ទន្ទឹមនឹងនេះ ក្នុងនាមបងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្រសួងក៏សូមថ្លែងអំណរគុណ ចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបុគ្គលិកសន្តិសុខឯកជន ដែលបានលះបង់ពេលវេលា ផ្ទាល់ខ្លួន បំពេញភារកិច្ចរក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងអំឡុងពេលឈប់សម្រាកនេះ ដើម្បីផ្តល់ឱកាសដល់ បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ អាចមាន់ពេលវេលាជួបជុំគ្រួសារដោយសប្បាយរីករាយ និងធ្វើ ដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋមេត្តាពិនិត្យ បណ្តាញអគ្គិសនី ភ្លើងចង្ក្រាន ធូប និងទៀន ឱ្យបានល្អមុនពេលចាកចេញពីលំនៅដ្ឋាន ទៅដើរកម្សាន្ត ឬត្រឡប់ទៅស្រុក កំណើត ឬបិទទ្វារទីតាំងអាជីវកម្មរបស់ខ្លួន។ សូមជូនពរបងប្អូនទាំងអស់ ធ្វើដំណើរទៅគ្រប់ទីកន្លែងប្រកបដោយសុខ សុវត្ថិភាព និងសូមបង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ ដោយគោរពច្បាប់ចរាចរណ៍ និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមក។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូម លើកដៃប្រណមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី តាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ ដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខ្មែរទាំងអស់ សូមសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ​៖ តារា​


ចែករំលែក៖