ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាន៍ថា៖ ចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន រហូតមកដល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលសម្រេច បានសមិទ្ធផលជាច្រើន ជាក់ស្តែង ក្នុងឆ្នាំ២០២៣ បានដាក់ឱ្យដំណើរការ រួមមាន ៖
(១) ផ្លូវក្រវាត់ក្រុងខ្សែទី៣ មានប្រវែង៤៧,៦១គ.ម. ។
(២) ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែង៧២,១៧គ.ម. ។
(៣) ផ្លូវជាតិ លេខ៥ភាគខាងត្បូង មានប្រវែង១៣៥,២៥គ.ម. ។
(៤) ស្ពានបេតុងខ្សែកាបកោះនរា-កោះពេជ្រ មានប្រវែង ៨២៤ម. ។
និង (៥) អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
សម្តេចធិបតីបន្តថា៖ ចំពោះវិស័យថាមពលអគ្គិសនី ក្នុងឆ្នាំ២០២៣កន្លងទៅ ប្រភពផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជាសម្រេច បានជាង១៦ ១២៣,៣៩ជីហ្គាវ៉ាត់ម៉ោង ក្នុងនោះ ប្រភពអគ្គិសនីក្នុងស្រុក១៣ ០៣៣,០៧ជីហ្គាវ៉ាត់ម៉ោង ស្មើនឹង៣៣,២២% និងប្រភពអគ្គិសនីនាំចូលពីប្រទេសជិតខាង៣ ០៩០,៣២ជីហ្គាវ៉ាត់ម៉ោង ស្មើនឹង ២៩,៩៥%។ ដោយឡែក សម្រាប់រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ ប្រភពផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា សម្រេចបានជាង៤ ០១៨,០១ជីហ្គាវ៉ាត់ម៉ោង ក្នុងនោះប្រភពអគ្គិសនីក្នុងស្រុក៣ ១១៣,០៤ជីហ្គាវ៉ាត់ម៉ោង ស្មើនឹង២៦,០២% និងប្រភពអគ្គិសនីនាំចូលពីប្រទេសជិតខាង៩០៤,៩៧ជីហ្គាវ៉ាត់ម៉ោង ស្មើនឹង៣៥,២៣%។ ចំពោះវិស័យកសិកម្ម ក្នុងឆ្នាំ២០២៣ បរិមាណផលិតផលស្រូវរដូវវស្សានិងស្រូវរដូវប្រាំង សម្រេច បានប្រមាណជាង១២,៤៩លានតោន ដែលតាមការប៉ាន់ស្មាន យើងមានអតិរេកស្រូវជិត៧លានតោន គិតជា អង្ករស្មើនឹង៤,៥លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមាន បរិមាណសរុប ៨ ៤៤៩ ៤១៤តោន ក្នុងនោះ អង្ករបានជាង៦៦៤ពាន់តោន ស្រូវចំនួន២ ៧៣០ ៨២៥តោន និងកសិផលក្រៅពីស្រូវ អង្ករ ចំនួន៥ ០៦២ ២៦៦តោន ទៅកាន់ទិសដៅចំនួន៧៨ប្រទេស។ សម្រាប់រយៈពេល ៣ខែដើមឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេសមានបរិមាណសរុប៤ ៥៩៦ ៤៤២តោន ក្នុងនោះ អង្ករបានជាង១៦៦ពាន់តោន ស្រូវចំនួន១ ៥៥៥ ០២៥តោន និងកសិផលក្រៅពីស្រូវ អង្ករចំនួន ២ ៨៧៤ ៩៦៦តោន ទៅកាន់ទិសដៅចំនួន៦៥ប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ ក្នុងការលើកកម្ពស់បរិយាកាសនិងការលើកទឹកចិត្តវិនិយោគ ដើម្បីជំរុញនិងបង្កើនសកម្មភាពសេដ្ឋកិច្ច ព្រមទាំងបង្កើតការងារ រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ២០២៣កន្លងទៅ បានអនុញ្ញាត ឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងសរុបចំនួន២៦៨ ក្នុងនោះ គម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស១៧៦ គម្រោងពង្រីកផលិតកម្ម២១ និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស៧១ ដែលមានទុនវិនិយោគសរុប ៤ ៩២៧ ៥៤៩ ២២៤ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង៣០៧ ៥៥៣កន្លែង។ ដោយឡែកសម្រាប់រយៈពេល៣ខែដើមឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគ
លើគម្រោងចំនួន១០៦ ក្នុងនោះ គម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស៧៣ និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស៣៣ ដែលមានទុនវិនិយោគសរុបប្រមាណ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង១០៧ពាន់កន្លែង។
ចំពោះវិស័យឧស្សាហកម្ម មានសហគ្រាស គ្រឹះស្ថានដែលចុះបញ្ជីក្នុងឆ្នាំ២០២៣ បានកើនឡើងដល់ចំនួន៤៣ ៧៥១ ដែលស្រូបកម្លាំងពលកម្មសរុបប្រមាណ១,៨លាននាក់ទូទាំងប្រទេស ខណៈក្នុងរយៈពេល
៣ខែដើមឆ្នាំ២០២៤ សហគ្រាស គ្រឹះស្ថានដែលបានចុះបញ្ជី មានចំនួន៣ ០៤៨ ដែលស្រូបកម្លាំងពលកម្មសរុបប្រមាណ១៤០ ៥២៤នាក់។ ដោយឡែក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ក៏ត្រូវបានដំឡើងដល់២០៤ដុល្លារអាម៉េរិក ៕
ដោយ ៖ សុខ ខេមរា