ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសុខាភិបាលសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ គីម សុខលាភ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល បាននិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។
ក្រសួងសុខាភិបាល រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ដល់ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងសូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា សូមទទួលបាននូវសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ ដើម្បីរួមចំណែកបំពេញភារកិច្ច ឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជន។
ជាកិច្ចបន្ទាប់ ក៏មានការសម្តែងទស្សនីយភាព សិល្បៈរបាំជូនពរ ឆៃយ៉ាំ និងរបាំត្រុដិ ដើម្បីជម្រុះនូវចង្រៃ ឧបទ្រព ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឆ្នាំថ្មី។
លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្តែងនូវសេចក្តីរីករាយ អំណរគុណចំពោះសាមគ្គីភាពជាធ្លុងមួយរវាងថ្នាក់ ដឹកនាំ មន្រ្តីរាជការនិងបុគ្គលិកទាំងអស់នៃក្រសួង សុខាភិបាលក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ ហើយដែលស្តែងចេញតាមរយៈតំណាងនៃការអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នាវេលាដ៏ត្រចះត្រចង់នេះ ៕
ដោយ៖ សូរិយា