ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌតាមចាប់ឃាត់ខ្លួនជនសង្ស័យបីនាក់ករណីគប់គ្នាបណ្តាលឱ្យរបួសនៅខេត្តក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ យុវជនមួយក្រុមទាស់គ្នាតាមឆាត( Chat )ក៏ ស្ទាក់គប់ដុំថ្មលើគូទំនាស់បណ្ដាលឱ្យដួលម៉ូតូរបួសធ្ងន់ ២នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ ពេលនេះកម្លាំងមាន សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានបន្ដបន្ទាប់ ចំនួន៣នាក់។

គួរបញ្ជាក់ថា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២១និង៣០នាទី នៅប៉ុស្តិ៍រដ្ឋបាលដំរីផុង បានទទួលបណ្តឹងពីឈ្មោះ វណ្ណ ចំរើន ភេទប្រុស អាយុ១៨ឆ្នាំមានទីលំនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ រាយការណ៍ថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៧និង៥០នាទី ខ្លួនជិះម៉ូតូចំនួន២គ្រឿងមានគ្នាចំនួន៤នាក់ ធ្វើដំណើរត្រឡប់មកផ្ទះ ។ លុះមក ដល់ចំណុចមណ្ឌលសុខភាពដំរីផុង ស្រាប់តែមានក្រុមក្មេងស្ទាវចំនួន០៦នាក់ ជិះម៉ូតូ០៣គ្រឿង យកដំថ្មដេញគប់ពួកខ្លួន រហូតដល់ចំណុចអូរស្វារ ភូមិប្រហួត ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ក្រុមក្មេងស្ទាវខាងលើបានគប់មកលើពួកខ្លួន បណ្តាលឲ្យម៉ូតូ១គ្រឿងជិះធ្លាក់ផ្លូវទៅបុកដើមស្វាយ ដែលបើកបរដោយ ឈ្មោះ ហ៊ួរ ភេទ ប្រុស អាយុ១៧ឆ្នាំ រងរបួស របកស្បែកក្បាលខាងមុខលើថ្ងាស់ដាច់ចេញឈាម និងឈ្មោះ កញ្ញា ភេទស្រី អាយុ១៦ឆ្នាំ បាក់ថ្គាម និងបែកក្បាលផ្នែកខាងក្រោយ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកឆ្លូង។

ក្រោយពីធ្វើសកម្មភាពរួចក្រុមក្មេងស្ទាវខាងលើ បាននាំគ្នារត់គេចខ្លួនបាត់អស់។ ក្រោយពីទទួលបានពាក្យបណ្តឹងស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំសហការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លុះនៅថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២និង១០នាទី កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន៣នាក់រួមមាន៖ 

*ទី១៖ ឈ្មោះ ស៊ុន ដាលីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។ ឃាត់ខ្លួនបានត្រង់ចំណុច ភូមិដីថ្មី ឃុំព្រែសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ,ទី២៖ ឈ្មោះ លី វុទ្ធី ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅត្រង់ចំណុចភូមិបុស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះនិងទី ៣៖ ឈ្មោះ ណាំ រតនា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ,ឃាត់ខ្លួនបានត្រង់ចំណុចសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបាន ឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជិះម៉ូតូដេញគប់ដុំថ្ម ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែ ខ្លួនបានថតរូបជាមួយសង្សាររបស់ជនរងគ្រោះ បន្ទាប់មកជនរងគ្រោះក៏បានឆាតមកជេរខ្លួន ទើបឈានដល់ការធ្វើសកម្មភាពនេះឡើង ដោយមានគ្នាចំនួន៦ ជិះម៉ូតូចំនួន៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌប្រគល់ជូនអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖