ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពប្រជាជន រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានគន្លឹះចំនួន២

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានគន្លឹះចំនួន២ នៅក្នុងវិស័យសុខាភិបាលដើម្បីពង្រឹងសេវាថែទាំសុខភាពជូនពលរដ្ឋ ដែលផ្តោតការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល និងសុខភាពបឋមនៅមូលដ្ឋាន ពោលគឺ៖

១- ពង្រឹងសមត្ថភាព ការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក

២- ការអភិវឌ្ឍសមត្ថភាព ស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ការងារនិយ័តកម្មនិងការឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពសាធារណៈនិងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងការងារភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងវិស័យឯកជន ដើម្បីធានាឱ្បបាននូវការទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២០ មេសា ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ អគារមណ្ឌលផ្តល់សេវាវះកាត់ នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឯកភាពគ្នា ធ្វើមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ឱ្យក្លាយជាពេទ្យតំបន់ ដើម្បីជួយធានាសេវាកម្រិតខ្ពស់ឱ្យដល់ប្រជាពលរដ្ឋ ជាងអ្នកសៀមរាប ដឹងអ្នកជំងឺដោយរថយន្តសង្គ្រោះបន្ទាន់ទៅរាជធានីភ្នំពេញ ៣ទៅ៤ ម៉ោង បើស្ទះផ្លូវអាចនឹងយឺត។ អ្នកខេត្តកំពង់ធំ អ្នកខេត្តព្រះវិហារ ត្រូវដឹកទៅទីនោះក៏លំបាកដែរ អាចរុញមកទីនេះ អាចទទួលបានសេវា»។

បើតាមការថ្លែងរបស់សម្តេចធិបតី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាកម្ចីឥណទាន ពីខាងចៃកា ចំនួន ១៤៤លានដុល្លារ ដើម្បីអភិវឌ្ឍពេទ្យតំបន់ ទីមួយនៅខេត្តសៀមរាប និងទីពីរ នៅខេត្តកំពង់ចាម ដើម្បីចាប់ផ្តើម។ សម្តេចធិបតី បន្តថា ពេលធ្វើឱ្យជោគជ័យ នឹងមានការពង្រីកទៅតំបន់ផ្សេងទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការអភិវឌ្ឍវិស័យសុខាភិបាល គឺជាកិច្ចការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យប្រសើរនូវសុខុមាលភាពមូលធនមនុស្ស។ ក្នុងរយៈពេលប្រមាណ ៤ឆ្នាំនេះ រាជរដ្ឋាភិបាល គ្រោងចំណាយប្រមាណ ១៤០០លានដុល្លារអាមេរិក សម្រាប់ពង្រឹងវិស័យសុខាភិបាល ព្រោះសម្តេចយល់ថា ការវិនិយោគលើវិស័យសុខាភិបាល គឺជាការជួយសេនាទេវតា ជួយជីវិតប្រជាពលរដ្ឋ៕

ដោយ ៖ សិលា


ចែករំលែក៖