ព័ត៌មានទាន់ហេតុការណ៍៖

មហារន្ធត់ណាស់! គ្រួសាររស់នៅមិនចុះសម្រុងគ្នាមួយសម្រេចអារ.កសម្លាប់ភរិយារួចចងកបញ្ចប់ជិវិតខ្លួនឯងជាក្រោយ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់នាព្រឹកថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះថា លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានដឹកនាំស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះស្រាវជ្រាវនិងធ្វើការត្រួតពិនិត្យជាក់ស្ដែង ទីកន្លែងឃាតកម្មនិងអត្តឃាត ដោយប្ដីអារ.កសម្លាប់ប្រពន្ធ រួចចង.កសម្លាប់ខ្លួនឯងជាក្រោយ ដែលករណីនេះគេសង្ស័យថាអាចផ្ដើមចេញពីភ្លើងប្រចណ្ឌខណៈគ្រួសារបានលែងលះគ្នាត្រឹមថ្នាក់សាលាឃុំ ប៉ុន្តែរស់នៅក្នុងដំបូលគ្រសារតែមួយ។ 

  ក្នុងរបាយការណ៍ដដែលបានឱ្យដឹងទៀតថា សពស្រ្តីរងគ្រោះឈ្មោះ អៀង ចរិយា អាយុ ៥៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកញ្ជើបាចដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ត្រូវបានជនសង្ស័យ(ប្ដី)អារ.កសម្លាប់ក្នុងបន្ទប់ ។ ជនសង្ស័យ(ឃាតក)ជាប្ដីឈ្មោះ ហ៊ង ខុម អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ.ឃុំជាមួយគ្នា ក្រោយធ្វើសកម្មភាព(អារ.កសម្លាប់ប្រពន្ធរួច)គាត់បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងផ្ទះជាក្រោយ។ 

    បញ្ជាក់ៈ ប្ដីប្រពន្ធរងគ្រោះ(ស្លាប់)ទាំងគូនេះ បានលែងលះគ្នាត្រឹមថ្នាក់សាលាឃុំយូរឆ្នាំហើយ ប៉ុន្តែរស់នៅក្នុងដំបូលគ្រួសារតែមួយ ។

    ក្នុងរបាយការណ៍ដដែលបញ្ជាក់ទៀតថា បញ្ហាខាងលើនេះអាចផ្ដើមចេញពីភ្លើងប្រចណ្ឌ ខណៈត្រូវបានកូនៗជនរងគ្រោះបង្ហើបថា ប៉ុន្មានថ្ងៃមុនមានបុរសម្នាក់ផ្សេងចូលស្ដីដណ្ដឹងស្រ្តីជាម្ដាយ អាចធ្វើឱ្យឪពុកខ្លួនអន់ចិត្តទើបគាត់ធ្វើបែបនេះ ។

    បញ្ហាខាងលើនេះ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានបញ្ជាក់តាមទូរស័ព្ទនាថ្ងៃដដែលនេះឱ្យដឹងដែរថា ក្រុមគ្រួសាររងគ្រោះខាងលើពិតជាមានរឿងរ៉ាវដូចបានរៀបរាប់ខាងលើមែន ពួកគាត់បានស្ម័គ្រចិត្តលែងលះគ្នារៀងៗខ្លួន ដោយមានភូមិឃុំដឹងឮរយៈពេលប្រមាណ៥ឆ្នាំមកហើយ ប៉ុន្តែរស់នៅក្នុងដំបូលគ្រួសារតែមួយ ហើយបុរសជាប្ដីត្រូវបានគេដឹងថា មួយរយៈចុងក្រោយនេះហាក់បីដូចមានអារម្មណ៍ខូចចិត្ត ព្រោះលែងចង់រវល់នឹងការងារ ដើរតែផឹក។ ម្យ៉ាងទៀត៣.៤ថ្ងៃមុនមានបុរសម្នាក់ចូលស្ដីដណ្ដឹង ដោយបង្គាប់ថ្លៃបណ្ណាការចំនួន៥០ម៉ឺនរៀល បានឱ្យលុយមុនចំនួន៤៨ម៉ឺនរៀលហើយ នៅសល់តែចំនួន២ម៉ឺនរៀលប៉ុណ្ណេាះ ដើម្បីត្រៀមធ្វើពីធីតូចមួយ។ ចំពោះជនទី៣បុរសចូលស្ដីដណ្ដឹងសមត្ថកិច្កំពុងស្រាវជ្រាវនៅឡើយដើម្បីសួរនាំ ។

   ដោយឡែកៈ ប្រភពផ្សេងៗលើកឡើងថា បើរឿងរ៉ាវដូចការលើកឡើងខាងលើមែន បុរសជាប្ដី(ឃាតក)មានការលំបាកសម្រេចចិត្តហើយ ហើយស្រ្តីជាប្រពន្ធធ្វើបែបនេះក៏មិនសមដែរ ព្រោះពួកគាត់រស់នៅក្នុងដំបូលគ្រួសារតែមួយ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖