រថយន្តប្រណាំងមួយគ្រឿងបានបាត់បង់ការគ្រប់គ្រង រេចេញពីផ្លូវក្នុងអំឡុងការប្រកួតក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យទី២១ ខែមេសា ហើយបានបុកទៅលើហ្វូងអ្នកទស្សនានិងមន្ត្រីប្រណាំង ដោយបានសម្លាប់មនុស្ស 7 នាក់ និង 20 នាក់ផ្សេងទៀតរងរបួស។
អ្នកទស្សនារាប់ពាន់នាក់បានមើលឧបទ្ទវហេតុដែលបានកើតឡើងក្នុងអំឡុងពេលប្រណាំងក្នុងទីក្រុង Diyatalawa នៅតំបន់ភ្នំ ចម្ងាយប្រហែល 180 គីឡូម៉ែត្រភាគខាងកើតនៃរដ្ឋធានីកូឡុំបូ។
គេនៅមិនទាន់ដឹងច្បាស់ពីអ្វីដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះទេ។ អ្នកនាំពាក្យប៉ូលិសលោក Nihal Thalduwa បាននិយាយថា រថយន្តមួយក្នុងចំណោមរថយន្តជាច្រើនបានចេញពីផ្លូវ ហើយបានបុកអ្នកទស្សនានិងមន្ត្រីព្រឹត្តិការណ៍។
លោក Thalduwa បាននិយាយថា មនុស្សចំនួន 7 នាក់ រួមទាំងមន្ត្រី 4 នាក់បានស្លាប់ក្នុងហេតុការណ៍នោះ និង 20 នាក់ផ្សេងទៀតកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។ លោកថា អ្នករបួសបីនាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
លោកThalduwa បាននិយាយថា ប៉ូលិសបានចាប់ផ្តើមការស៊ើបអង្កេតលើឧបទ្ទវហេតុនេះដែលជាលើកទី 17 ក្នុងចំណោមព្រឹត្តិការណ៍ដែលបានគ្រោងទុកចំនួន 24 ។ ការប្រណាំងត្រូវបានផ្អាកបន្ទាប់ពីគ្រោះថ្នាក់។
អ្នកទស្សនាប្រហែល 45,000 នាក់បានប្រមូលផ្តុំគ្នានៅផ្លូវប្រណាំងនៅសាលាយោធាស្រីលង្កា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយកងទ័ពស្រីលង្កានិងកីឡារថយន្តស្រីលង្កា៕
ដោយ៖ ធីរីណា