ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចមានស្ថានទម្ងន់ទោស ( ឆក់ទូរស័ព្ទដៃ) កាលពីម៉ោង១១:៣០នាទី ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៤០២ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹកកេងកង រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ នឹប ពេជ្រវិជ្ជា ភេទស្រី អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦ ផ្លូវលេខ៥៩២ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យឈ្មោះ រស់ ហ្សូនី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះលេខ ៩៧AE១ ផ្លូវលេខ ១៥៦ ភូមិ២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
វត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃម៉ាក IPhone 13promax ពណ៌ទឹកសមុទ្រ (របស់ជនរងគ្រោះ), ម៉ូតូ Honda Dream ឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KP-7505 ,ទូរស័ព្ទមួយគ្រឿងម៉ាក Samsung s21 ពណ៌ទឹកសមុទ្រគ្មានសុីម។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ជនរងគ្រោះបានជិះម៉ូតូដោយទុកទូរស័ព្ទនៅក្នុងហោប៉ៅអាវ លុះដល់ចំណុចផ្លូវលេខ៤០២ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ជនសង្ស័យម្នាក់បានជិះម៉ូតូឌ្រីម សេ១២៥មកពីក្រោយ រួចលូកឆក់យកទូរស័ព្ទពីក្នុងហោប៉ៅជនរងគ្រោះហើយជិះគេចខ្លួន ស្របពេលនោះជនរងគ្រោះបានដេញតាមពីក្រោយរហូតដល់ចំណុចផ្លូវលេខ៤៩៨ ក្រុម២ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ជនរងគ្រោះបានតាមទាន់ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យបោះទូរស័ព្ទចោល ស្របពេលនោះកម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ឃេីញក៏ធ្វើអន្តរាគមន៍ឃាត់បានជនសង្ស័យរួមទាំងវត្ថុតាងទូរស័ព្ទជនរងគ្រោះយកមកសួរនាំនៅប៉ុស្តិ៍នគបាលរដ្ឋបាលទួលសង្កែទី២ដើម្បីចាត់ការតាមនីតិវិធី។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដេីម្បីចាត់ការតាមនីតិវិធីបន្ត៕
ដោយ៖ ជ្រោយពេជ្រ