ខេត្តកណ្ដាល៖ យុវជនម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានក្រុមជនសង្ស័យគ្នា១១នាក់ ប្រដាប់ដោយកាំបិតផ្គាក់ និងដាវ ជិះម៉ូតូដេញគប់នឹងដុំថ្ម រួចកាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ រីឯជនសង្ស័យត្រូវបាននគរបាលចាប់ឃាត់ខ្លួនបានម្នាក់ ខណ:១០នាក់ទៀតកំពុងរត់គេចខ្លួន។ ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០០និង១០នាទី នៅចំណុចខាងកើតផ្លូវជាតិលេខ២១ ស្ថិតនៅភូមិព្រែកធន់ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ឈ្មោះ នី ផាន់នីម ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិព្រែកប៉ុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។
ចំណែកជនសង្ស័ចំនួន១១នាក់ ឃាត់ខ្លួនបាន១នាក់ ១/ឈ្មោះ មាំង លាងហាក់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
មុខរបរ: (មិនពិតប្រាកដ)(ឃាត់ខ្លួន) រីឯ១០នាក់ទៀតកំពុងរត់គេចខ្លួន ។ ចាប់យកវត្ថុតាងមាន ១/ ដុំថ្ម ចំនួន០២ដុំ ២/ ស្បែកជើងផ្ទាត់ចំនួន០១គូ ដែលបានបន្សល់ទុកនៅកន្លែងកើតហេតុ។
ប្រភពដដែលបន្តថា រយៈកាលកន្លងមកក្រុមជនរងគ្រោះហើយនិងក្រុមជនសង្ស័យគឺធ្លាប់មានទំនាស់ប្រើអំពើហិង្សាដាក់គ្នាម្តងរួចមកហើយនិងត្រូវសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនឈ្មោះ ផាន សិញ និងបក្ខពួកជាច្រើនអ្នកទៀតហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល។ ក្រោយមកត្រូវបានតុលាការខេត្តកណ្តាល បានដោះលែងអោយពួកគេនៅក្រៅឃុំ ។លុះចេញពីពន្ធនាគាវិញឈ្មោះ ផាន សិញ បានមកលេងជាមួយជនរងគ្រោះឈ្មោះ នី ផាន់នីម ដែលបានរាប់អានគ្នាដូចជាប្អូនប្រុស ហើយបានជិះម៉ូតូស្កុបពី ពណ៌ខ្មៅមួយគ្រឿងដឹកជនរងគ្រោះ ឈ្មោះ នី ផាន់នីម ចូលមកដេកលេងនៅផ្ទះសំណាក់យីហោ លី លី បានមួយសន្ទុះនៅវេលាម៉ោង២៣និង៤៣នាទី ស្រាប់តែឈ្មោះ ផាន សិញ បានជិះម៉ូតូឌុបជនរងគ្រោះឈ្មោះ នី ផាន់នីម ចេញមកក្រៅវិញក្នុងគោលបំណងជិះទៅលេងលើស្ពានឆ្លងទន្លេបាសាក់ស្រុកកោះធំ នៅពេលជិះម៉ូតូតាមផ្លូវជាតិលេខ២១ស្រាប់តែបានជួបនិងក្រុមជនសង្ស័យដែលមានគ្នាចំនួន១១នាក់ ជិះម៉ូតូចំនួន០៤គ្រឿង ប្រដាប់ដោយដុំថ្ម និងកាំបិត បាននាំអ្នកជិះធ្វើដំណើរពីជើងមកត្បូងមកដល់ចំណុចផ្លូវចូលផ្ទះសំណាក់ លីលី ៩៩ ស្ថិតនៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ក៏បានជួបជាមួយនិងម៉ូតូរបស់ជនរងគ្រោះ ហើយបាននាំគ្នាជិះដេញតាមមករហូតដល់ចំណុចខាងជើងគល់ស្ពានឆ្លងទន្លេបាសាក់ស្រុកកោះធំ ស្រាប់តែក្រុមជនសង្ស័យបាននាំគ្នាយកដុំថ្មគប់ទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលអោយជនរងគ្រោះឈ្មោះ នី ផាននីម ធ្លាក់ ពីលើម៉ូតូហើយបាននាំគ្នាព្រួតធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ នី ផាន់នីម បណ្តាលអោយរងរបួសជាច្រើនកន្លែងដេកសន្លប់នៅលើដីតែម្តងហើយឈ្មោះផាន សិញ ដែលជាអ្នកឌុបជនរងគ្រោះមកនោះបានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។ ក្រោយពេលធ្វើសកម្មភាពរួចបក្ខពួកក្រុមជនសង្ស័យខាងលើនេះបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់មុនពេលសមត្ថកិច្ចនគរបាលយើងចុះទៅដល់កន្លែងកើតហេតុ។
ក្រោយកើតហេតុបានបន្តិចមានប្រជាពលរដ្ឋល្អរស់នៅជិតខាងនោះគាត់បានខលទូរស័ព្ទរាយការណ៍មកកាន់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី ថាមានករណីក្មេង ទំនើងដេញកាប់គ្នា នៅពេលនោះសមត្ថកិច្ចផ្នែកជំនាញស្រុកកោះធំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មី បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការ ស្រាវជ្រាវស្វែងរកចាប់ខ្លួនក្រុមជនសង្ស័យខាងលើនេះយកមកអនុវត្តទៅតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាង ជ័យ