ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៩នាក់ពុលសង្ស័យដោយសារទទួលទានសាច់សត្វឈ្លូស នៅស្រុកពេជ្រាដា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋ៩នាក់ ត្រូវគេរាយការណ៍ថា ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ក្រោយ ការទទួលទានសាច់សត្វឈ្លូសដែលសង្ស័យថាស៊ីចំណីមានជាតិពុល។

ហេតុការណ៍នេះ បានកើតឡើង កាលពី វេលាម៉ោងប្រ មាណ១០និង២៣នាទីព្រឹក ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៤ នៅ ភូមិត្រាំកាច់ ឃុំក្រង់ តេះ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ។ ទោះជាយ៉ាងណា មកដល់ រសៀល ថ្ងៃ ទី ២៥ ខែមេសា ឆ្នាំ២០២៤ អ្នកភូមិ ទាំង៩នាក់ដែល ពុល សាច់ ឈ្លូសនេះ បាន ធូរស្រាលវិញហើយ និង មិនមាន ប៉ះពាល់ ដល់ អាយុជីវិតទេ ។

ប្រភពរាយការណ៍ថា ហេតុការណ៍បានកើតឡើងនៅក្នុងភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បន្ទាប់ពីមនុស្សប្រុសស្រីក្មេងចាស់ចំនួន៩នាក់ អាយុពី៥ឆ្នាំដល់៥៥ឆ្នាំ បានរងនឹងអាការៈ រាករូស ក្អួតចង្អោរ ហាក់ដូចជាបានពុលនឹងចំណីអាហារ បន្ទាប់ពីពួកគាត់ទទួលទានសាច់ឈ្លូស ងាប់១ក្បាលដែល ជាប់អន្ទាក់នៅក្នុងព្រៃ។ 

សេចក្តីរាយការណ៍សង្ស័យថា សត្វឈ្លូសដែលងាប់ដោយអន្ទាក់នោះ ទំនងជាសត្វឈ្លូសដែលស៊ីចំណីមានជាតិពុល ឬអាចបណ្តាលមកសត្វឈ្លូសនោះ ផឹកទឹកដែលគេដាក់សម្រាប់បំពុលសត្វព្រៃ។ ទោះជាយ៉ាងណាក៏ដោយមន្ត្រីសុខាភិបាលខេត្តនៅមិនទាន់ អាចបញ្ជាក់ថាការសង្ស័យពុលនេះ បានបណ្តាលមកពីអ្វីដែរ។

សេចក្តីរាយការណ៍ពីមន្ទីរពេទ្យបានឱ្យដឹងថា ក្រោយការជួយសង្គ្រោះនោះមក មនុស្សទាំង៩នាក់ បានផុតពីក្តីបារម្ភនៃគ្រោះថ្នាក់បាត់បង់ជីវិតហើយគិតត្រឹមល្ងាចថ្ងៃទី២៦ខែមេសានេះ៕

ដោយ៖ សូរិយា


ចែករំលែក៖