ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា បានដឹកនាំសមាជិកា សមាជិក របស់សមាគម ចំនួន៨០នាក់មកពី សាខាល្វាឯម សាខា CCF និងសាខា PSE ចូលរួមពិធីបុណ្យសង្ឃទាន និងបង្សុកូល ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី ១ ខែឧសភា ឆ្នាំ ២០២៤ នៅវត្តឧណ្ណាលោម។
នៅក្នុងឱកាសនេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាព្រះពុទ្ធបដិមា និងព្រះបរមសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស អតីតសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានអញ្ជើញរាប់បាត្រ ប្រគេនទេយ្យទាន និងចង្ហាន់ព្រះសង្ឃ ៣៨៨ អង្គ ប្រកបដោយសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងក្នុងព្រះពុទ្ធសាសនា។
ឆ្លៀតក្នុងឱកាសនេះ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគម ក៏បានជួបសំណេះសំណាលជាមួយសមាជិកា និងយុវតី របស់សមាគមទាំង៣សាខា ព្រមទាំបានផ្ដល់ដំបូន្មានល្អៗ ដល់សមាជិកាដែលជាយុវតីទាំងអស់ ត្រូវរៀបចំខ្លួនធ្វើជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ នៅក្នុងសង្គម និងប្រកាន់ខ្ជាប់តាមឱវាទរបស់ព្រះពុទ្ធសាសនា។
គួរជម្រាបជូនថា សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលទិវង្គត នៅថ្ងៃ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ ដោយ រោគាពាធ ក្នុងជន្មាយុ ៩៣ ព្រះវស្សា ។ ព្រះសពរបស់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ត្រូវបានតម្កល់ទុក ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ដើម្បីធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនារហូតដល់ថ្ងៃថ្វាយព្រះភ្លើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៤ វេលាម៉ោង ០៦:០០ នាទីព្រឹក៕
ដោយ៖ តារា