ខេត្តកំពង់ចាម ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ ថ្មីៗនេះ មានការផ្សព្វផ្សាយអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ស្តីពីការធ្វើអនុប្បយោគ និងការផ្ទេរសិទ្ធិកាន់កាប់ដីរដ្ឋទំហំ ៩៣.២២៤ ម៉ែត្រការ៉េ ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ដោយការផ្សព្វផ្សាយទាំងនោះ បានភ្ជាប់នូវការអត្ថា ធិប្បាយផ្សេងៗដោយពុំបានដឹងពីសារបានពិត។ ដូច្នេះ ក្នុងនាមអង្គភាពជំនាញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម សូមធ្វើការបំភ្លឺជូនសារធារណជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបពីសារបានពិតនៃដីនេះ ដូចខាងក្រោម៖
១-ដីនេះ ដើមឡើយមានទំហំធំជាងនេះ និងជាកម្មសិទ្ធិកាន់កាប់របស់គណៈកម្មាធិការគណបក្សប្រជាជន កម្ពុជា ខេត្តកំពង់ចាម តាំងពីឆ្នាំ ១៩៩៨ រហូតមក ដោយមានប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ៤ជំនាន់បន្តបន្ទាប់គ្នាកាន់កាប់ពុំដែលដាច់។
២-នៅឆ្នាំ២០១៧ មានការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ហើយនៅពេលនោះ គណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ចាម ពុំបានផ្តល់ឯកសារមកក្រុមការងារវាស់វែងសម្រាប់ធ្វើការចុះបញ្ជីឡើយ ដោយ មូលហេតុអ្នកកាន់ឯកសាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម មានបញ្ហាសុខភាព ជា ហេតុធ្វើឲ្យក្រុមការងារវាស់វែងពុំបានដឹង និងយល់ច្រឡំថាដីនេះ ជាដីសាធារណៈរបស់រដ្ឋ។ ស្របពេលជាមួយ គ្នា ដើម្បីការពាររក្សាដីនោះពីការទន្ទ្រានកាន់កាប់ពីជនមួយចំនួនផង ក្រុមការងារក៏បានសម្រេចធ្វើការវាស់វែង និងធ្វើការចុះបញ្ជីជាដីរដ្ឋក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តកំពង់ចាមតែម្តង។
៣-នៅឆ្នាំ២០២៣ តបតាមការស្នើសុំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ដោយមានឯកសារប្រវត្តិកាន់កាប់ដីដូចបានបញ្ជាក់ជូនខាងលើច្បាស់លាស់ មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គណៈកម្មាធិការសុរិយោដីខេត្ត គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋ បានពិនិត្យឃើញថាពិតជាមាន ការភ័ន្តច្រឡំក្នុងការចុះបញ្ជីពិតមែន និងបានស្នើសុំទៅរដ្ឋាភិបាលផ្ទេរសិទ្ធិកាន់កាប់ដីទំហំ ៩៣.២២៤ ម៉ែត្រការ៉េ នេះ មកជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម វិញ ។
ដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប និងសូមមេត្តាបញ្ឈប់ការ ផ្សព្វផ្សាយព័ត៌មាននេះ ដើម្បីកុំឲ្យមានការយល់ច្រឡំបន្តទៀត។ អាស្រ័យហេតុនេះ សូមសាធារណៈជន និងអ្នកសារព័ត៌មាន មេត្តាជ្រាប ៕
ដោយ ៖ សិលា