ព័ត៌មានទាន់ហេតុការណ៍៖

ទិវាសត្វស្លាបទេសន្តរប្រវេសន៍នេះ ត្រូវបានផ្តួចផ្តើមធ្វើឡើងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា៖ ទិវាសត្វស្លាបទេសន្តរប្រវេសន៍នេះ ត្រូវបានផ្តួចផ្តើមធ្វើឡើងចាប់តាំងពីឆ្នាំ២០០៦មកម្លេះ ហើយ ក៏ជាយុទ្ធនាការអប់រំផ្សព្វផ្សាយប្រចាំឆ្នាំ ដែលធ្វើឡើងដើម្បីអភិរក្ស ប្រភេទសត្វស្លាប ទេសន្តរប្រវេសន៍ និងទីជម្រករបស់វា។ 

  ជារៀងរាល់ឆ្នាំនៅសប្តាហ៍ទីពី ខែឧសភា នៅជុំវិញពិភពលោក បានរៀបចំព្រិត្តិការណ៍នេះ ជាសាធារណៈដូចជា វេទិកាសត្វស្លាប កម្មវិធីអប់រំទាក់ទងនឹងសត្វស្លាប ការតាំងពិពណ៍រូបភាពសត្វស្លាបការចុះអង្កេតសត្វស្លាបផ្ទាល់ និងសកម្មភាពផ្សេងៗទៀត ដើម្បីប្រារព្ធទិវានេះទៅតាមប្រធានបទ ដែលបានកំណត់ផ្សេងៗគ្នាពីមួយឆ្នាំទៅមួយឆ្នាំ។

  ឆ្នាំនេះគឺជាយុទ្ធនាការដំបូងបំផុត នៃទិវាសត្វស្លាបទេសន្តរប្រវេសន៍ ដែលផ្តោតលើសារៈសំខាន់សត្វល្អិតសម្រាប់ពពួកសត្វស្លាបទេសន្តរប្រវេសន៍ និងបានលើកឡើងពីការបារម្ភទាក់ទងនឹងការថយចុះ ពពួកសត្វល្អិតដែលជាចំណីអាហារដ៏សំខាន់របស់ពពួកសត្វស្លាបទាំងនេះ។

  ជាការពិតណាស់ សត្វល្អិត ជាអាហារថាមពលដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ ជាច្រើនប្រភេទ មិនត្រឹមតែនៅរដូវបន្តពូជប៉ុន្នោះទេថែមទាំង នៅអំឡុងពេលធ្វើដំណើដ៏វែងឆ្ងាយរបស់វា។ នៅតាមផ្លូវនៃការធ្វើបម្លាស់ទីចម្ងាយឆ្ងាយសត្វស្លាបមានភាពសកម្មក្នុងការស្វែងរកសត្វល្អិត ដែលជា អាហារថាមពលរបស់ខ្លួននៅតាម ទីវាល

  តំបន់ព្រៃ តំបន់ដីសើមនិងទីជម្រកជាច្រើនប្រភេទ នៅអំឡុងពេលឈប់សម្រាករបស់វា ហើយការកំណត់ ពេលវេលានៃការធ្វើបម្លាស់ទីគឺ តែងតែទាក់ទងនឹងរដូវកាលដែលមានវត្តមានសត្វល្អិតច្រើន នៅកន្លែងឈប់សម្រាកទាំងនេះ ដែលជាអាហារទ្រទ្រង់ដ៏សំខាន់ ដែលជាថាមពលបម្រុងមុន បន្តការធ្វើដំណើរ របស់ពួកវា។ តំបន់ដីសើមទឹកសាប និងឆ្នេរសមុទ្រ ទន្លេ បឹង អូរ វាលស្មៅ វាលភក់ ត្រពាំង និងស្រះ ជាដើម សុទ្ធតែមានសារៈសំខាន់សម្រាប់ការរស់នៅ រកចំណី ធ្វើសំបុកពងកូន និងក៏ជាកន្លែងសម្រាប់ សម្រាក និងបំពេញថាមពលឡើងវិញ ក្នុងអំឡុងពេលធ្វើដំណើរដ៏វែងឆ្ងាយ របស់សត្វស្លាបទេសសន្តរប្រវេសន៍។

  ការរំខាននិងការបាត់បង់នូវចំនួនសត្វល្អិត នៅកន្លែងបន្តពូជ ពងកូន និងកន្លែងធ្វើបំលាស់ទីបានគំរាមកំហែងដល់សុខុមាលភាព និងការរស់រានមានជីវិតរបស់ សត្វស្លាប។ 

  ការបាត់បង់ជម្រកសត្វល្អិត វាលស្មៅជាដើម ការប្រើប្រាស់ថ្នាំពុលកសិកម្ម សម្រាប់ការពារដំណាំ ពីសត្វល្អិត ការកង្វះអាហារថាមពល និងប្រូតេអ៊ីន បាននាំឱ្យប៉ះពាល់ដល់ ការធ្វើទេសន្តរប្រវេសន៍ និង ការបន្តពូជរបស់សត្វស្លាប ប្រព័ន្ធភាពស៊ាំចុះខ្សោយ និងការកើនឡើងអត្រាមរណភាពសម្រាប់សត្វស្លាប ពេញវ័យ និងកូនចៅរបស់វា។

– ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានផ្តោតសំខាន់លើការអនុវត្តមុំយុទ្ធសាស្រ្ត៣សំខាន់គឺភាព ស្អាត បៃតង និងចីរភាព  ក្រសួងបរិស្ថាន នឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តជាពិសេសមុំយុទ្ធសាស្រ្តទី២ ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

– សូមរំលឹកថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖

១) ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។

២) ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ

៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក

៤) ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។

តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។ ក្រសួងនឹងរៀបចំពិធីផ្សព្វផ្សាយនឹងផ្តល់កូនឈើជូនសាធារណជន ដោយឥតគិតថ្លៃ ក្រោមមូលបទ»ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ខាងមុខទីស្តីការក្រសួងបរិស្ថាន។

លោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សដីសើមទឹកសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានបញ្ជាក់ថា៖ – ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ គឺជាប្រភេទសត្វស្លាប ដែលផ្លាស់ទី  ឆ្លងតំបន់  ឆ្លងដែន ដែលប្រភេទមួយចំនួនអាចហើរបាន រាប់រយនិងរាប់ពាន់គីឡូម៉ែត្រដើម្បី ស្វែងរកលក្ខខ័ណអេកូឡូស៊ីនិងជម្រកសមស្របដើម្បី រស់នៅ បន្តពូជ និងចិញ្ចឹមកូនរបស់វា ហើយនៅពេល ដែលលក្ខខ័ណ នៅកន្លែង បន្តពូជមិនសមស្រប គឺដល់ពេលដែលពួកវាទាំងអស់ ត្រូវហើរស្វែងរកទីតាំង ដែលមានលក្ខខ័ណប្រសើរ។ 

  សត្វស្លាបទេសន្តរប្រវេសន៍ មានលក្ខណៈរូបសាស្រ្ត និងសរីរសាស្រ្តល្អបំផុត ដែលអាចហើរបានលឿន និងរយៈចម្ងាយឆ្ងាយ ដូចជាពពួកទីតលីតដែលជាប្រភេទ អាចធ្វើបម្លាស់ទីក្នុង រយៈចម្ងាយឆ្ងាយ ហើយ អាចធ្វើដំណើររហូតដល់១៦.០០០គីឡូម៉ែត្រ ចំនួនពីរលើកក្នុងមួយឆ្នាំ។ វាបន្តពូជន៍នៅស៊ីបេរី ហើយធ្វើ បម្លាស់ទីទៅកាន់ឆ្នេរសមុទ្រខាងលិចនៃទ្វីបអាហ្រ្វិច នៅពេលដែលមានលក្ខខ័ណមិនសមប្រកបសម្រាប់ ការរស់នៅរបស់វា។  វាពិតជាអស្ចារ្យ ដែលប្រភេទសត្វស្លាបទាំងនេះ អាចកំណត់ទិសដៅ និងផ្លូវ ហោះ បានច្បាស់លាស់ ទាំងនៅពេលយប់ និងពេលថ្ងៃ ដែលយើងមានការពិបាកនឹងយល់បាន។

  ប្រព័ន្ធអេកូឡូស៊ីតំបន់ដីសើម គឺជាប្រព័ន្ធអេកូឡូស៊ីដែលសំបូរដោយសត្វល្អិត ដែលមានលក្ខណៈ អំណោយផលខ្លាំងដល់សត្វស្លាបទេសន្តរប្រវេសន៍ ក្នុងការរស់នៅ បន្តពូជ និងបង្កើនថាមពលសម្រាប់ការធ្វើបម្លាស់ទីរបស់ខ្លួន។ 

  សូមបញ្ជាក់ថា កម្ពុជាមានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ៣០% នៃផ្ទៃប្រទេស ហើយតំបន់ ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាកន្លែងដ៏សំខាន់សម្រាប់រស់នៅ ស្នាក់អាស្រ័យរកចំណីយ៉ាងសំខាន់សម្រាប់ សត្វស្លាបទេសន្តរប្រវេសន៍ និងជាប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ដែលទ្រទ្រង់ សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ៕

ដោយ ៖ សិលា


ចែករំលែក៖