ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

ចែករំលែក៖

ភ្នំពេញ៖ នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ដោយមានវត្តមានចូលរួមពីឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី លោកអនុប្រធានក្រុមការងារ និង លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធពីគ្រប់អង្គភាព ផងដែរ។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានចូលរួមគាំទ្រ និងចូលរួមអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋតាមយន្តការច្រកចេញចូលតែមួយ។

បន្ថែមពីនោះ លោកប្រធាន បានជំរុញក្រុមការងារ និងបានដាក់ទិសដៅឱ្យបន្តអនុវត្ត ដូចខាងក្រោម៖ (១).បន្តរៀបចំវេទិកាសាធារណៈឱ្យគ្រប់ឃុំ សង្កាត់ នៅឆ្នាំ២០២៦នេះ (២).បន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ (៣).បន្តដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរពេលចុះវេទិកាសាធារណៈ (៤).បន្តផ្សព្វផ្សាយសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី (៥).បន្តការស្នើសុំ និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ថ្មី, ការធ្វើបណ្ណប.ស.ស, ព្រមទាំងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស១,៥លាននាក់ (៦).បន្តការជំរុញចុះបញ្ជីឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ (៧).បន្តការធ្វើបច្ចុប្បន្នភាពក្រុមការងាររាជរដ្ឋាភិបាល (៨).បន្តចែកខិតបណ្ណវិស័យអាទិភាពទាំង៥(កសិកម្ម ទេសចរណ៍ បរិស្ថាន រ៉ែនិងថាមពល និង ធនធានទឹក (៩).បន្តការធ្វើបច្ចុប្បន្នភាពក្រុមការងាររាជរដ្ឋាភិបាល (១០).បន្តការចែកកូនឈើហូបផ្លែ (១១).ការចែកពូជកូនកាហ្វេ ៣ ០០០ដើម (១២). ការចុះពិនិត្យ និង ព្យាបាលភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋ (១៣).បន្តការចុះពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋ នៅតាមទីដាច់ស្រយោលមួយ (១៤).ការចុះនៅមណ្ឌលកុមារកំព្រា និងការងារគាំទ្រជនពិការភាព (១៥). បន្តយកចិត្តទុកដាក់លើទាហ៊ានជួរមុខ និងនិវត្តជននៅក្នុងខេត្ត (១៦).បន្តបណ្តុះបណ្តាលបច្ចេកទេសបណ្តាញសង្គម និងថតរូប។

លោកប្រធាន បានសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ លើសមិទ្ធផលទាំងអស់ និងថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ដែលនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់ខេត្ត ទទួលបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់៕

 

ប្រភព ៖ មន្ទីរព័ត៌មានខេត្ត


ចែករំលែក៖