ព័ត៌មានទាន់ហេតុការណ៍៖

បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចពិនិត្យការអនុវត្តស្ដង់ដាសាលារៀនគំរូនៅសាលាបឋម សិក្សានិងអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ដង្កោ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារចុះពិនិត្យការអនុវត្តស្ដង់ដាសាលារៀនគំរូនៅសាលា បឋមសិក្សា និងអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ដង្កោ។

សាលាបឋមសិក្សា និងអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែនដង្កោបាននិងកំពុងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ តាមរយៈការអនុវត្តតេស្ដស្ដង់ដា ដើមឆ្នាំ ប្រចាំខែ និងឆមាស នៅគ្រប់កម្រិត បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀនជាដើម។ បន្ថែមពីនេះ សាលាក៏បានបំប៉នសិស្សខ្សោយ និងជំរុញឱ្យមានការសហការរវាងសាលា និងអាណាព្យាបាលសិស្សផងដែរ។

ឆ្លៀតក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យមន្ទីរបង្កើតជាក្រុមការងារចុះជួយគាំទ្រគ្រប់សាលាបឋម និងអនុវិទ្យាល័យ នៅក្នុងរាជធានីភ្នំពេញ ដោយមានការជួយជ្រោមជ្រែងពីខាងអ្នកជំនាញដែលមកពីក្រសួង ដើម្បីធ្វើការសិក្សាស្វែង យល់បន្ថែមអំពីស្ថានភាពជាក់ស្ដែងរបស់សាលានីមួយៗពាក់ព័ន្ធនឹងការលើសខ្វះគ្រូ ក៏ដូចជាវិធីសាស្ត្របង្រៀនផ្សេងៗ។ មួយវិញទៀត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បានជំរុញឱ្យមានការសង្ខេបមេរៀនសម្រាប់សិស្សា នុសិស្សដើម្បីជាយានក្នុងការសិក្សា ស្រាវជ្រាវ និងការរៀនបន្ថែមម៉ោង តាមតែអាចធ្វើទៅបានដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ 

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំថា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីជំរុញឱ្យសាលាបឋមសិក្សា និងអនុវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ដង្កោ អាចឈានទៅរកការប្រែក្លាយខ្លួនជាសាលាគំរូ នាពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ សូរិយា


ចែករំលែក៖