ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី (SIA)បានឲដឹងថាបុក្គលិកពួកគេ នឹងទទួលបានប្រាក់បន្ថែមនៃប្រាក់បៀវត្សរ៍ជិតប្រាំបីខែ បន្ទាប់ពីប្រាក់ចំណូលរបស់ក្រុមហ៊ុនកើនឡើងខ្លាំងក្នុងរយៈពេលពីរឆ្នាំជាប់គ្នា។
នាយកប្រតិបត្តិ SIA លោក Goh Choon Phong បានទម្លាយព័ត៍មានដល់ CNA ថា បុគ្គលិកនឹងទទួលបានប្រាក់រង្វាន់ចែករំលែកប្រាក់ចំណេញ 7.94 ខែ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ។
ប្រាក់លើកទឹកចិត្តឆ្នាំនេះ លើសពីកំណត់ត្រាកាលពីឆ្នាំមុន ដោយពួកគេទទួលបាន 6.65 ខែនៅក្នុងប្រាក់រង្វាន់ចែករំលែកប្រាក់ចំណេញ។ ចំណែកបុគ្គលិកដែលពេញសិទ្ធិក៏ទទួលបានប្រាក់រង្វាន់អតីតភាពរហូតដល់ 1.5 ខែ ជាការទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ។
កាលពីថ្ងៃពុធ SIA បានបង្ហាញពីប្រាក់ចំណេញរបស់ពួកគេគឺ ចំនួន 2.68 ពាន់លានដុល្លារសិង្ហបុរី (1.99 ពាន់លានដុល្លារ) គិតត្រឹមខែមីនា 2024 ដែលឆ្នាំមុន ចំណូលក្រុមហ៊ុន មាន 2.16 ពាន់លានដុល្លារសិង្ហបុរី ៕
ដោយ៖ ភារៈ