ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ស្ថាប័ន រាជរដ្ឋាភិបាលទាំងអស់ ទាំងយោធានិងស៊ីវិល ត្រូវតែគាំទ្រការអប់រំពីអំពើប្រល័យពូជសាសន៍សម្រាប់មនុស្សជំនាន់ក្រោយ ដោយត្រូវធានាថា ការរៀនពីប្រវត្តិសាស្ត្រមួយនេះត្រូវដាក់បញ្ចូលយ៉ាងត្រឹមត្រូវនៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ និងឯកជន ដោយរាប់ចាប់ពីកម្រិតអនុវិទ្យាល័យ ដល់សាកលវិទ្យាល័យ នៅទូទាំងប្រទេសកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍។
សម្តេចធិបតី បានថ្លែងបន្តថា ៖ ការអប់រំពីអំពើប្រល័យពូជសាសន៍មិនចាំបាច់កំណត់តែនៅក្នុងមេរៀនប្រវត្តិសាស្ត្រនោះទេ ពោលគឺយើងអាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់មុខបាន ចាប់ពីសីលធម៌និងអក្សរសាស្ត្រខ្មែរ រហូតដល់ការសិក្សាភាពជាថ្នាក់ដឹកនាំ ទាក់ទងនឹងការអភិវឌ្ឍ បូករួមទាំងជំនាញទន់ផ្សេងៗទៀតផងដែរ។
នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា តាមរយៈការអប់រំនេះ យើងត្រូវស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់ពីរឿងរ៉ាវពិតនៅក្នុងអំពើប្រល័យពូជសាសន៍ប៉ុលពត ទៅកាន់មនុស្សពេញវ័យនិងគ្រប់ជំនាន់ផ្សេងៗ រួមមានតាមរយៈសិល្បៈ ឌីជីថល និងគំនូរជីវីចល ដោយត្រូវសង្កត់ធ្ងន់ថា កាតព្វកិច្ចក្នុងការលើកកម្ពស់ការអប់រំពីអំពើប្រល័យពូជសាសន៍ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា មិនមែនចំពោះតែរាជរដ្ឋាភិបាលម្នាក់ឯងនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវបន្តនិយាយរឿងទាំងនេះ ពីមួយជំនាន់ទៅមួយជំនាន់ទៀត ទោះបីជាការនិយាយរឿងទាំងនេះ បង្កឱ្យមានការឈឺចាប់ក៏ដោយ។ នេះ គឺជាវិធីដ៏ មានប្រសិទ្ធភាពបំផុត ព្រោះមានតែអ្នកដែលធ្លាប់បានឆ្លងកាត់ប៉ុណ្ណោះ ទើបអាចរៀបរាប់ពី បទពិសោធន៍របស់ពួកគេបានល្អបំផុត»។
សម្តេចធិបតី បានថ្លែងបន្តថា កំហុសអតីតកាល បានប្រាប់យើងឱ្យចេះបង្រួបបង្រួមជាតិខ្មែរ ឱ្យបានរឹងមាំ និង ជំរុញឱ្យយើងកសាងសង្គម ឱ្យកាន់តែប្រសើរ ប្រកបដោយបរិយាប័ន្ន សម្រាប់ទាំងអស់គ្នា។ នេះ គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និង យុត្តិធម៌សង្គម ដើម្បីធានានូវបរិយាប័ន្នភាព នៅក្នុងប្រព័ន្ធគ្រប់គ្រង ក៏ដូចជាការអភិវឌ្ឍ ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការអប់រំពីអំពើប្រល័យពូជសាសន៍ មិនចាំបាច់កំណត់ត្រឹមតែមេរៀនប្រវត្តិសាស្តនោះទេ។ យើងក៏អាចបញ្ចូលទៅក្នុងមុខវិជ្ជាគ្រប់ប្រភេទ ចាប់ពីសីលធម៌ និង អក្សរសាស្ត្រខ្មែរ រហូតដល់ការសិក្សាពីភាពជាអ្នកដឹកនាំ និង ការអភិវឌ្ឍជំនាញទន់ផ្សេងទៀតផងដែរ។
បើតាមការថ្លែងសម្តេចធិបតី យើងក៏អាចស្វែងរកវិធីច្នៃប្រឌិតផ្សេងៗ ដើម្បីរៀបរាប់រឿងរ៉ាវពិបាកទាំងនេះ ទៅកាន់មនុស្សដែលមានវ័យ និងជំនាន់ផ្សេងគ្នា រួមមាន តាមរយៈសិល្បៈ, មាតិកាឌីជីថល ឬ គំនូរជីវចល ជាដើម៕
ដោយ ៖ សិលា