ភ្នំពេញ៖ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យដ៏ធំមួយនៃព្រះពុទ្ធសាសនា ខណៈដែល ប្រទេសកម្ពុជាមានប្រជាជនជាង៩០ភាគរយកាន់ព្រះពុទ្ធសាសនា និងមានចែងក្នុងរដ្ឋធម្មនុញ្ញថា «ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ» ផងនោះ ពិធីបុណ្យវិសាខបូជា ក៏ត្រូវបាន កំណត់ថា ជាថ្ងៃបុណ្យជាតិ ដោយទទួលបានការឈប់សម្រាកមួយថ្ងៃ។ ដោយឡែកមិនមែនសម្រាប់កម្ពុជាទេនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ មានប្រទេស ជិត ២០០ ប្រទេស ដែលជា សមាជិក នៃ អង្គការសហប្រជាជាតិបានអនុម័ត និង ទទួលស្គាល់ វិសាខបូជា ជាបុណ្យ អន្តរជាតិទៀតផង។
ឆ្នាំនេះ បុណ្យវិសាខបូជាថ្ងៃ១៥កើតពេញបូណ៌មី ឆ្នាំថោះ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃពុធទី២២ ខែឧសភា ឆ្នាំ២០២៤ ។តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។ ប្រទេសឥណ្ឌា និង ប្រទេស លង្កា បានប្រារព្ធពិធីបុណ្យនេះ ពីយូរលង់ណាស់មកហើយ ។ ចំណែកប្រទេសកម្ពុជា និងថៃ ទើបនឹង ប្រារព្ធនៅសតវត្សទី ១៩។
តើពិធីបុណ្យវិសាខបូជា មានជាប់ទាក់ទងអ្វីខ្លះនឹងព្រះពុទ្ធសាសនា? តាមឯកសារបង្ហាញថា ការប្រារព្ធ ពិធីបុណ្យ វិសាខបូជា គឺ ដើម្បីរម្លឹក ដល់ព្រឹត្តិការណ៍ ដ៏ពិសេស ចំនួនបី ដែលទាក់ទង នឹង ព្រះសមា្មសម្ពុទ្ធ ។ ព្រឹត្តិការណ៍នោះ គឺ « ការ ប្រសូត ,ការ ត្រាស់ដឹង និង ការចូល និព្វាន »។
ព្រះពុទ្ធមាន ព្រះនាម ដើម ថា សិទ្ធត្ថ ( អាន ថា សិត – ធ័ ត ) ដែលជា ព្រះរាជ បុត្រា របស់ ព្រះនាង សិរិមហាមាយា និង ព្រះបាទ សុទ្ធោទនៈ ។ ព្រះអង្គត្រូវបានគេហៅ ព្រះនាម ជាច្រើន ទៀតដូចជា ព្រះសម្មាសម្ពុទ្ធ , ព្រះសមណគោតម , ព្រះជិនស្រី , ព្រះសក្យមុនី , ព្រះបរមគ្រូ , ព្រះសាស្តា ជាដើម ។
ព្រះអង្គទ្រង់ ប្រសូត នៅ ថ្ងៃ សុក្រ ពេញបូណ៌មី ខែវិសាខ មុន គ្រិស្តសករាជ ចំនួន ៦២៣ ឆ្នាំ ។ នៅពេល មានព្រះជន្ម ២៩ ព្រះវស្សា ព្រះ សិទ្ធត្ថ បានយាងទៅសាងព្រះផ្នួស ។
ក្រោយពី ក្លាយខ្លួនជា អ្នកបួស អស់រយៈពេល ៦ឆ្នាំ ព្រះអង្គក៏បាន ត្រាស់ដឹង កា្លយជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ នាវេលាទៀបភ្លឺ។
បន្តមកព្រះបរមគ្រូ នៃយើងទ្រង់ ចូលបរិនិព្វាន នៅថ្ងៃ អង្គារពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គ មានព្រះជន្ម ៨០ ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦៧ឆ្នាំ ហើយ ។
ជាការកត់សម្គាល់ថា ព្រះសាស្តាទ្រង់ ប្រសូត ,ទ្រង់ត្រាស់ដឹង និង បរិនិព្វាន ក្នុងថ្ងៃ ១៥កើត ពេញបូណ៌មីខែវិសាខ ដូចគ្នា គឺ ខុសតែ ឆ្នាំប៉ុណ្ណោះ ។ ដូច្នេះបុណ្យ វិសាខបូជា គឺ តំណាងឱ្យ « ថ្ងៃ ទាំងបី » នេះឯ ង ។
ដោយឡែកនៅកម្ពុជាឆ្នាំនេះ ក៏ដូចជាបណ្តាឆ្នាំកន្លងទៅដែរ ការរៀបចំពិធីបុណ្យវិសាខបូជា ថ្នាក់ជាតិត្រូវប្រារព្ធនៅបរិវេណព្រះមហាព្រះសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧត្ដុង្គ) ស្រុកពញាឮ ខេត្តកណ្តាល ក្រោមការយាងចូលរួមពីសម្ដេចសង្ឃរាជទាំងពីរគណៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។ ជាមួយគ្នារដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពិសេសនៅតាមវត្តអារាមទូទាំងប្រទេសសុទ្ធសឹងរៀបចំតុបតែងនូវរូបភាពនានាទាក់ទងនឹងព្រឹត្តិការណ៍ធំទាំងបីរបស់ព្រះសម្មាសម្ពុទ្ធ និងទីសក្ការៈបូជាសម្រាប់ពុទ្ធសាសនិកគោរពបដិបត្តិដោយសទ្ធាជ្រះថ្លា ដើម្បីទទួលយកមគ្គផលរៀងៗខ្លួន។ នៅថ្ងៃបុណ្យវិសាខបូជានេះ ពិសេសនៅពេលរាត្រីតាមវត្តអារាម ពោរពេញទៅដោយពុទ្ធបរិស័ទ ចាស់ក្មេង ប្រុសស្រី។
ជាប្រពៃណីពិធីបុណ្យវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។ ម្យ៉ាងទៀតការ ប្រារឰនៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួលពីរយ៉ាង គឺៈ ១. ដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាលចែងចាំង និង២. ដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។
និយាយរួមការធ្វើពិធីបុណ្យវិសាខបូជា គឺដើម្បីរំឭកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំងបីដូចពោលខាងលើ។ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបផែនដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ៕
ដោយ៖ តារា