ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបក្រុម ជួញដូរគ្រឿងញៀនចំនួន០៣នាក់ រឹបអូសគ្រឿងញៀនជាង១០គីឡូក្រាម និងសម្ភារសម្រាប់ផលិត បញ្ជូនទៅកាន់តុលាការ

ចែករំលែក៖

    ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ជាក់ស្ដែងនៅវេលាម៉ោង១១ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការបង្ហាញមុខក្រុមឧក្រិដ្ឋជនគ្រឿងញៀន ប្រុសស្រីចំនួន០៣នាក់ជាជនជាតិវៀតណាមជាសាធារណ ដែលកម្លាំងនគរបាលធ្វើការបង្ក្រាបនិងដកហូតនូវសារធាតុញៀនជាង១០គីឡូក្រាម។ 

   លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងនគរបាលជំនាញបានធ្វើការស្រាវជ្រាវ ស៉ើបអង្កេតរហូតឈានដល់ការចុះបង្ក្រាបតែម្ដង។ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ថា សារធាតុញៀនទាំងនេះ គឺក្រុមជនសង្ស័យមានគោលបំណងបញ្ជូនទៅប្រទេសកូរ៉េនិងធ្វើចរាចរណ៍ក្នុងទីតាំងក្លិបកម្សន្តនៅរាជធានីភ្នំពេញផងដែរ។

   គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០ខែមេសា ឆ្នាំ២០២៤ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនការិយាល័យ (ក១០) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីជាក់ស្តែងនៅចំណុចខុនដូមួយកន្លែងនៅមូលដ្ឋានខណ្ឌទួលគោក កំពុងធ្វើសកម្មភាពជួញដូរ ផលិតរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

   ក្នុងរង្វង់ប្រតិបត្តិការនេះ នគរបាលចាប់យកវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង១០គីឡូក្រាម រួមទាំងសម្ភារៈផលិត និងផ្សំនូវសាធាតុញៀនមួយចំនួន។

   បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ មន្ទីរប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖