ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីបេីករថយន្តសាំយ៉ុងមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន បានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះបានបង្កឡេីងកាលពីវេលាម៉ោង១ និង៥០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុនោះគឺ គេឃេីញរថយន្ដ សាំយ៉ុង មួយគ្រឿង ពាក់ផ្លាកលេខ ព្រះសីហនុ 2A-2370 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពាក់កណ្ដាលក្បាលរថយន្តពេញទំហឹង បណ្ដាលឲ្យក្បាលរថយន្តរួចចូលគ្នាគៀបជេីងបុរសម្នាក់ដែលជាតៃកុងឲ្យរងរបួសធ្ងន់ ខណៈរបាំងថ្មពុំរងការខូចខាតនោះឡេីយ ។
ក្រោយកេីតហេតុភ្លាមៗ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់បានចុះមកដល់ ដោយបានជួយគាស់រថយន្តយកជនរងគ្រោះដឹកយកទៅសង្គ្រោះអាយុជីវិត ។ រីឯសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ