ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការបង្កើតរូបសញ្ញា និងត្រារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម សម្រាប់ប្រើប្រាស់ជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីការបង្កើតរូបសញ្ញា និងត្រារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម សម្រាប់ប្រើប្រាស់ជាផ្លូវការ ។ 

រាជរដ្ឋាភិបាលសម្រេច សម្រេច ៖ 

ប្រកា១ ..ត្រូវបានបង្កើតរូបសញ្ញា និងត្រារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម សម្រាប់ប្រើជាផ្លូវការក្នុងដំណើរការ ការងាររបស់ខ្លួន។

មាត្រា ២..រូបសញ្ញារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម មានទម្រង់ និងអត្ថន័យ ដូចខាងក្រោម៖

១-ទម្រង់

រូបភាពទូទៅនៃរូបសញ្ញាមានរាងមូល ព័ទ្ធដោយផ្ទៃរង្វង់ពីរ ដែលនៅក្នុងផ្នែកប្រសព្វនៃរង្វង់ទាំងពីរ ខាងលើមានពាក្យជាអក្សរខ្មែរ ក្រុមប្រឹក្សាជាតិគាំពារសង្គម និងខាងក្រោមមានពាក្យជាអក្សរអង់គ្លេស

NATIONAL SOCIAL PROTECTION COUNCIL ។ នៅផ្នែកខាងក្នុងនៃផ្ទៃរង្វង់តូច មានរូបក្លស់ ក្រុមមនុស្សចម្រុះ ពាក្យធ្លាក់ជាអក្សរខ្មែរ ពាក្យជាអក្សរអង់គ្លេស និងបាច់ផ្កាភ្ញី។

២-អត្ថន័យ

ក្លស់រចនាក្រោមទម្រង់ចម្លាក់សម័យអង្គរ៖ តំណាងឱ្យការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម នៅព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ការគាំពារទល់នឹងហានិភ័យផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រុមមនុស្សចម្រុះ៖ តំណាងឱ្យប្រជាជនក្នុងវ័យ ក្រុម ភេទ និងស្ថានភាពផ្សេងគ្នា ដែលទទួលផលពី ប្រព័ន្ធគាំពារសង្គមដោយមិនមានការរើសអើង។

ពាក្យធ្លាក់ជាអក្សរខ្មែរ និងអង់គ្លេស៖ តំណាងឱ្យអត្តសញ្ញាណនៃប្រព័ន្ធគាំពារសង្គមនៅ កម្ពុជា។

បាច់ផ្កាភ្ញី ៖ តំណាងឱ្យកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុង ក្របខណ្ឌក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ពលរដ្ឋ សំដៅ រួមចំណែកកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព។

រូបសញ្ញារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលមានទម្រង់ និងអត្ថន័យដូចខាងលើ ត្រូវបានកំណត់ ក្នុងឧបសម្ព័ន្ធទី១ នៃអនុក្រឹត្យនេះ។

មាត្រា ៣.. រូបសញ្ញារបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម ត្រូវបានប្រើប្រាស់សម្រាប់ករណី ដូចខាងក្រោម៖

ដាក់តាំងនៅកន្លែងធ្វើការ

– ដាក់លើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ

ផ្សព្វផ្សាយ

ធ្វើត្រា

ធ្វើកន្លាស់ពាក់

ធ្វើជាវត្ថុអនុស្សាវរីយ៍ជូនភ្ញៀវកិត្តិយស និង

ប្រើប្រាស់ជាផ្លូវការផ្សេងទៀត ក្នុងករណីចាំបាច់។

មាត្រា ៤..

ក្រុមប្រឹក្សាជាតិគាំពារសង្គមមានត្រាមូលសម្រាប់ប្រតិបត្តិការងារ។

ត្រាមូលរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គមមានរង្វង់ពីរ ដែលនៅចន្លោះរង្វង់ទី១ និងទី២ ដែលជាផ្ទៃប្រសព្វ ផ្នែកខាងលើមានពាក្យជាអក្សរខ្មែរ ក្រុមប្រឹក្សាជាតិគាំពារសង្គម រាងកោងស្របតាមផ្ទៃ ប្រសព្វនៃរង្វង់ទាំងពីរ និងនៅផ្នែកខាងក្រោម មានពាក្យជាអក្សរអង់គ្លេស NATIONAL SOCIAL PROTECTION COUNCIL រាងកោងស្របតាមផ្ទៃប្រសព្វនៃរង្វង់ទាំង២ និងមានផ្កាចន្ទន៍ចំនួន១ នៅ សងខាង ចែកផ្តាច់ពាក្យជាភាសាខ្មែរ និងពាក្យជាភាសាអង់គ្លេស។ នៅក្នុងរង្វង់តូច មានរំលេចដោយរូប ក្លស់ផ្តល់ម្លប់លើក្រុមមនុស្សចម្រុះ នៅខាងឆ្វេងដងក្លស់ មានពាក្យជាអក្សរខ្មែរឆ្លាក់ គាំពារសង្គមកម្ពុជា ៕ 

ដោយ ៖ សិលា


ចែករំលែក៖