អន្តរជាតិ ៖ អាជ្ញាធរតៃវ៉ាន់ត្រូវបានបដិសេធដោយមហាសន្និបាតអង្គការសុខភាពពិភពលោកម្តងទៀត គឺបានបញ្ជាក់ថា “ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើបរទេស”មុខជានឹងទទួលបរាជ័យជាមិនខាន។ នេះជាផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។
CCFR China state-controlled media បានបញ្ជាក់ថា ៖ នៅថ្ងៃទី២៧ខែឧសភា តាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសុខភាពពិភពលោកលើកទី៧៧បានមានលទ្ធផលបែបនេះជាថ្មីម្តងទៀតថា៖ មហាសន្និបាតបានបដិសេធយ៉ាងច្បាស់ដោយមិនដាក់បញ្ចូលនូវអ្វីដែលហៅថា សេចក្តីស្នើច្បាប់ស្តីពី”ការអញ្ជើញតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោកក្នុងនាមជាអ្នកសង្កេតការណ៍”ទៅក្នុងរបៀបវារៈនៃមហាសន្និបាតដែលលើកឡើងដោយប្រទេសមួយចំនួនតូច។ អស់រយៈពេល៨ឆ្នាំជាប់ៗគ្នា អាជ្ញាធរតៃវ៉ាន់ត្រូវបានបដិសេធដោយមហាសន្និបាតអង្គការសុខភាពពិភពលោក។ នេះបានបញ្ជាក់យ៉ាងពេញលេញថា គោលការណ៍ចិនតែមួយគឺជាបំណងរួមរបស់ប្រជាជននិងជានិន្នាការមិនអាចធ្វើផ្ទុយបាន។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យបានឃុបឃិតគ្នាជាមួយកម្លាំងខាងក្រៅដើម្បីលេងកលល្បិចនយោបាយ ដែលបានបំផ្លាញផលប្រយោជន៍សាធារណសកល “ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ “គឺគ្មានផ្លូវជាដាច់ខាត។
ក្នុងសុន្ទរកថាឡើងកាន់មុខតំណែងនៅប៉ុន្មានថ្ងៃមុន លោកវីលៀមឡៃ អ្នកដឹកនាំតំបន់តៃវ៉ាន់បានប្រកាសជាសាធារណៈនូវអ្វីដែលហៅថា”ទ្រឹស្តីរដ្ឋពីរ”ថ្មីគឺ”ត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់មិនស្ថិតនៅក្រោមការគ្រប់គ្រងទៅវិញទៅមក” ហើយឃោសនាបំប៉ោងយ៉ាងគឈ្លើននូវអ្វីដែលហៅថា”តៃវ៉ាន់គឺជារបស់ពិភពលោក” ដែលប៉ុនប៉ងបន្ត”ចង់ឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើបរទេស”។ មហាសន្និបាតអង្គការសុខភាពពិភពលោកលើកនេះ បានក្លាយទៅជាឱកាសមួយសម្រាប់ពួកគេក្នុងការព្យាយាមចូលរួមកិច្ចការ”អន្តរជាតិ”។ ដូច្នេះ មុនពេលមហាសន្និបាតធ្វើឡើង មន្ត្រីតៃវ៉ាន់មួយចំនួនបានធ្វើសកម្មភាពផ្សេងៗ ដើម្បីអំពាវនាវឱ្យមហាសន្និបាតអង្គការសុខភាពពិភពលោក”ទទួលយក”តៃវ៉ាន់។ លោកBlinkenរដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍ ដើម្បី”លើកទឹកចិត្តយ៉ាងខ្លាំង”ឱ្យអង្គការសុខភាពពិភពលោកអញ្ជើញតំបន់តៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតក្នុងនាមជាអ្នកសង្កេតការណ៍ ដើម្បីសហការជាមួយតៃវ៉ាន់។ល។
មានកលល្បិចជាបន្តបន្ទាប់ ប៉ុន្តែសុទ្ធតែអាសារឥតការ។ អ្វីដែលហៅថាសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ដែលលើកឡើងដោយប្រទេសមួយចំនួនតូច ត្រឹមតែជាក្រដាសឥតបានការមួយសន្លឹកប៉ុណ្ណោះ ពីព្រោះវាបានរំលោភគោលការណ៍ចិនតែមួយ។ គោលការណ៍ចិនតែមួយ គឺជាគោលការណ៍មូលដ្ឋានដែលកំណត់ដោយសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចចិត្តលេខ២៥.១នៃមហាសន្និបាតអង្គារសុខភាពពិភពលោក ហើយក៏ជាបុរេលក្ខខណ្ឌសម្រាប់ឱ្យតៃវ៉ាន់ចូលរួមក្នុងសកម្មភាពនៃអង្គការអន្តរជាតិដែលបូករួមទាំងមហាសន្និបាតអង្គការសុខភាពពិភពលោកផងដែរ។ មហាសន្និបាតអង្គការសុខភាពពិភពលោកបានបដិសេធចំពោះសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងតៃវ៉ាន់ជាច្រើនឆ្នាំជាប់ៗគ្នា គឺបានបង្ហាញពីគំនិតឯកភាពរួមយ៉ាងទូលំទូលាយរបស់សហគមន៍អន្តរជាតិក្នុងការគាំពារ《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និងក្រមមូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ។
ចំណែកអាមេរិកវិញ វាតែងតែចាត់ទុកតៃវ៉ាន់ជាកូនអុកក្នុងការទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ វាបានបន្ត”គាំទ្រតៃវ៉ាន់ឱ្យចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក” ដែលប៉ុនប៉ងរំលោភលើខ្សែបន្ទាត់ក្រហមរបស់ប្រទេសចិន។ លើសពីនេះទៀត ឆ្នាំនេះគឺជាឆ្នាំបោះឆ្នោតសកលរបស់អាមេរិកវាមិនពិបាកនឹកថា អ្នកនយោបាយមួយចំនួននឹងឆ្លៀតឱកាសនេះបោះសន្លឹកបៀតៃវ៉ាន់មកបង្ហាញពី”អាកប្បកិរិយាយ៉ាងរឹងចំពោះប្រទេសចិន” ដើម្បីទទួលបានសំឡេងឆ្នោតកាន់តែច្រើន។
អាមេរិកនិងតៃវ៉ាន់បានឃុបឃិតគ្នាដោយប្រើប្រាស់អង្គការសុខភាពពិភពលោកមកលេងកលល្បិចនយោបាយ សហគមន៍អន្តរជាតិបានមើលឃើញច្បាស់នឹងភ្នែក ហើយបានឆ្លើយតបយ៉ាងមុតមាំតាមរយៈសកម្មភាពជាក់ស្ដែង៖ ក្នុងមួយរយៈពេលកន្លងមក ប្រទេសភាគច្រើនដាច់ខាតនៅលើពិភពលោកបានរំលឹកឡើងវិញចំពោះប្រទេសចិននូវការប្រកាន់ខ្ជាប់សេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិ គាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ប្រឆាំងនឹងតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតអង្គការសុខភាពពិភពលោក ហើយប្រទេសជាង១រយបានគាំទ្រគោលជំហររបស់ប្រទេសចិនតាមរយៈរបៀបដូចជាផ្ញើសារលិខិតពិសេសជូនអគ្គនាយកនៃអង្គការសុខភាពពិភពលោកជាដើម។
នៅលើពិភពលោក មានចិនតែមួយគត់ ហើយតៃវ៉ាន់គឺជាចំណែកមួយរបស់ប្រទេសចិន។ គោលការណ៍ចិនតែមួយគឺមិនអាចរង្គោះរង្គើបានឡើយ “ការប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យតាមរយៈការពឹងផ្អែកទៅលើបរទេស”និង”ការទប់ស្កាត់ប្រទេសចិនតាមរយៈតៃវ៉ាន់”មុខជានឹងទទួលបរាជ័យជាមិនខាន៕
ដោយ ៖ សិលា