ព័ត៌មានទាន់ហេតុការណ៍៖

ឯកអគ្គរដ្ឋទូតចិន និងភរិយា ចូលក្រាបបង្គំគាល់និងថ្វាយព្រះសព្ទសាធុការពរជ័យចំពោះសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៨៨ ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី២៩ ខែឧសភា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកស្រី Gu Xiaojun បានចូលក្រាបបង្គំគាល់និងជម្រាបលា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រមទាំងបានថ្វាយព្រះពរសព្ទសាធុការពរជ័យចំពោះសម្តេចព្រះមហាក្សត្រីក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៨៨ ព្រះវស្សា។

លោកឯកអគ្គរដ្ឋទូត បានពាំនាំនូវពាក្យពេចន៍សួរព្រះរាជសុខទុក្ខ និងសេចក្តីនឹករលឹករបស់លោក Xi Jinping ប្រធានាធិបតីចិន និងលោកស្រីសាស្រ្តាចារ្យ Peng Liyuan ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី និងបានតំណាងឱ្យមន្រ្តីគ្រប់រូបក្នុងស្ថានទូតចិនថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយចំពោះសម្ដេចព្រះមហាក្សត្រី ក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ។ 

លោកឯកអគ្គរដ្ឋទូតមានប្រសាសន៍ថា ចិនមានសុភាសិតមួយតែងពោលថា”ផឹកទឹកអណ្ដូងមិនបំភ្លេចអ្នកជីក” ទំនាក់ទំនងចំណងមិត្តភាពជាពិសេសរវាងចិននិងកម្ពុជា ត្រូវបានសព្វព្រះរាជហឫទ័យយាងបង្កើតនិងបង្កើតដោយផ្ទាល់និងព្រមទាំងថែទាំយកព្រះទ័យទុកដាក់និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំចិនជំនាន់មុន សម្តេចព្រះមហាក្សត្រីបានស្ដេចយាងរួមចំណែកជាពិសេសផងដែរ។ ឆ្នាំ ១៩៦៥ សម្ដេច«ព្រះបរមរតនកោដ្ឋ» បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននាម”មហាវិថី ម៉ៅ សេទុង”ដល់ផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញ ហើយកាលពីម្សិលមិញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសប្រសិទ្ធនាម “មហាវិថី ស៊ី ជីនពីង” ដែលបានឆ្លុះបញ្ចាំងពីមរតកប្រវត្តិសាស្ត្រនៃចំណងមិត្តភាពរវាងចិន-កម្ពុជា។ 

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី បានប្រោសព្រះរាជទានព្រះរាជទ្រព្យនិងព្រះរាជជំនួយដ៏ថ្លៃថ្លាដល់ប្រទេសចិនជាច្រើនដងច្រើនសា ក្នុងគ្រាដែលចិនកំពុងជួបបញ្ហាគ្រោះធម្មជាតិជាដើម ហើយភាគីចិនមានក្តីរំភើបនិងចងចាំជារៀងរហូត។ ភាគីចិនគោរពស្រឡាញ់នូវចំណងមិត្តភាពជាពិសេសជាមួយព្រះរាជវង្សានុវង្សខ្មែរ ហើយសូមថ្វាយការស្វាគមន៍ព្រះអង្គទាំងទ្វេយាងទៅប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាពគ្រប់ពេលវេលា។

សម្ដេចព្រះមហាក្សត្រី បានសព្វព្រះរាជហឫទ័យផ្ដាំផ្ញើការសួរសុខទុក្ខដោយស្មោះជូនចំពោះឯកឧត្តមប្រធានាធិបតីចិននិងលោកស្រីសាស្ត្រាចារ្យដោយតាមរយៈ លោកឯកអគ្គរដ្ឋទូតចិន ព្រះអង្គមានព្រះរាជបន្ទូលថា ទ្រង់មានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានទតឃើញព្រះករុណាព្រះមហាក្សត្រនិងថ្នាក់ដឹកនាំកម្ពុជាបន្តតាមព្រះរាជបណ្ដាំរបស់សម្ដេច«ព្រះបរមរតនកោដ្ឋ» តែងយាងនិងចូលរួមអភិវឌ្ឍចំណងមិត្តភាពជាមួយមិត្តចិន បន្តប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយយ៉ាងមុតមាំ។ ប្រទេសចិនគឺជាមិត្តដ៏មហិមារបស់កម្ពុជា ជឿជាក់ថាក្រោមការដឹកនាំដ៏ឈ្លាសវៃពីឯកឧត្តមប្រធានាធិបតីចិន ប្រជាជនចិនដ៏មហិមានឹងយកជ័យជម្នះរាល់ការលំបាក និងបន្តការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរ៕

ប្រភព ៖ (CCFR China state-controlled media)


ចែករំលែក៖