ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូងនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងដឹកនាំប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ៖ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី

ដំណើរទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅព្រះរាជាណាចក្រកម្ពុជា ។

លោក ឡាយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងដឹកនាំប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ លោក ឡយ អូស្ទីន នឹងជួបសម្តែងការគួរសម និងពិភាក្សា ការងារដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក ដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-អាមេរិក ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។

ដំណើរទស្សនកិច្ចផ្លូវការ លោក ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបញ្ជាក់ជាថ្មី នូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិ អាមេរិក និងកងយោធរាលខេមរភូមិន្ទក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល ៕

ដោយ ៖ សិលា


ចែករំលែក៖