ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែមិថុនាម្សិលមិញ បានចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅសង្កាត់រលាប ក្រុងពោធិ៍សាត់។
ប្រភពដដែលបន្តថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា មានករណីបាត់ម៉ូតូ ជនរងគ្រោះឈ្មោះ ម៉ក់ សុីណាត ភេទ ស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ ថ្មីឃុំ ស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ យោងកំណត់ហេតុបំភ្លឺ និងបណ្ដឹងជនរងគ្រោះ កាលពីយប់ថ្ងៃទី ១ខែ មិថុនាឆ្នាំ២០២៤ នៅវេលាម៉ោង១៩ និង០០នាទី ខ្លួនបានដាក់ម៉ូតូនៅក្នុងបរិវេណមុខផ្ទះ ស្ថិតក្នុងភូមិនៅ ភូមិ ថ្មីឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយបានទៅចូលរួមមង្គលការបងប្អូននៅចម្ងាយពីផ្ទះប្រហែល ២គីឡូដី លុះដល់វេលាម៉ោង ២១ និង ១០នាទី ខ្លួនបានមកវិញស្រាប់តែមិនឃើញម៉ូតូទើបរាយការណ៍ជូនប៉ូលិសប៉ុស្តិ៍។ សម្ភារៈបាត់បង់ម៉ូតូ១គ្រឿងម៉ាកសង់១២៥សេរី២០១៩ ពណ័ខ្មៅស្លាកលេខពោធិ៍សាត់1I2928។
ជនសង្ស័យឈ្មោះ ហេង រាត្រី ភេទប្រុស អាយុ ៣៤ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បច្ចុប្បន្ននៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញហើយ កម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ តារា