ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចតេជោ បានរំឭកថាកាលពីឆ្នាំ ២០២២ សម្តេចបានជួប ឯកឧត្ដមរដ្ឋមន្ត្រីការពារជាតិអាមេរិកនៅខេត្តសៀមរាបក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅ និងបានចូលរួមរំលែកទុក្ខ ចំពោះការចូលទីវង្គត់របស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្វាយព្រះភ្លើងបូជាកាលពីម្សិលមិញនេះ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតមន្ត្រីយោធារបស់កម្ពុជាចំនួន២០នាក់ក្នុងឧបទវហេតុកន្លងមក។

លោក អូស្ទីន បានបញ្ជាក់ថាយើងនឹងធ្វើការជាមួយគ្នា ជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ។ លោក បានគិតថានេះជាឱកាសដែលប្រទេសទាំងពីរអាចធ្វើការកែប្រែដើម្បីសម្រួលឥរិយាបថ ធ្វើអោយប្រសើរឡើងនូវទំនាក់ទំនងរបស់យើង បើទៅះបីជាយើងមានបញ្ហាខ្លះៗនៅប្រឈមនៅឡើយ តែយើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខចំពោះការចូលទីវង្គត់របស់ សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស និងការបាត់បង់ជីវិតយុទ្ធជនកម្ពុជាយើងចំនួន២០នាក់កន្លងមក ដែលនេះបានបង្ហាញនូវសម្មាnចិត្តរបស់អាមេរិកចំពោះកម្ពុជា។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានឯកភាពចំពោះគោលបំណងរបស់ លោករដ្ឋមន្ត្រី ក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឲ្យប្រសើរឡើងវិញ ដោយកន្លងមកសម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងយើងមិនអាក្រក់ពេកនោះទេ។ សម្តេចបានចាត់ទុកថាកន្លងមក ភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាអោយបានច្រើន។ ការខ្វះខាតមួយទៀតគឺការខ្វះខាតព័ត៌មាននិងការវាយតម្លៃខុស ដែលធ្វើឲ្យភាគីទាំងពីរមានការយល់ច្រឡំគ្នា ដោយសារមិនបានប្ដូរព័ត៌មានគ្នា មិនបានធ្វើការពិភាក្សាគ្នា។

សម្ដេចតេជោ ក៏បានសំណូមពរ សហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសិស្សភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់ថាកម្ពុជាបានអនុវត្តនយោបាយរបស់ខ្លួនផ្អែកលើច្បាប់។ ឆ្លៀតក្នុងឪកាសនេះដែរ សម្ដេចក៏បានអរគុណចំពោះ សហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរត្រូវបំព្រួញឧបសគ្គឲ្យនៅតូច និងពង្រីកកិច្ចសហការឲ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។

សម្ដេចតេជោ បានមានប្រសាសន៍ថាអ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការសន្ទនានានា ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត។

សម្ដេចតេជោ និង លោក អូស្ទីន បានឯកភាពគ្នាលើការបន្តអោយមានការសន្ទនាគ្នាដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកដើម្បីអនាគត។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិអាមេរិក បានកោតសរសើរចំពោះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងវិស័យការពារជាតិដើម្បីរៀបចំនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តអោយកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដែលនឹងត្រូវចាប់ផ្ដើម ព្រោះការនៅឆ្ងាយពីគ្នានឹងនាំអោយបាត់បង់ព័ត៌មាន ។ សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអទិភាពគឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឲ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២។

សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោករដ្ឋមន្ត្រី ក៏បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហា សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ជម្លោះរវាងប៉ាឡេស្ទីន និងអុីស្រាអែល និងតំបន់សមុទ្រចិនខាងត្បូងផងដែរ។ ទាក់ទងបញ្ហានៅក្នុងតំបន់សមុទ្រចិនខាងត្បូង សម្ដេចតេជោប្រធានព្រឹទ្ធសភា បានលើកឡើងថាដើម្បីឱ្យមានសន្តិភាព ស្ថិរភាព នៅក្នុងតំបន់នោះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវ៖
ទី១)គោរពឲ្យបានម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងDOC
ទី២)ភាគីដែលមានជម្លោះត្រូវដោះស្រាយជាមួយគ្នា
ទី៣) ធ្វើយ៉ាងណាឱ្យសម្រេចនូវកិច្ចព្រមព្រៀង COC ដែលភាគីកម្ពុជាបានខិតខំចង់ឲ្យសម្រេចបានកាលពីឆ្នាំ ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន ដើម្បីធានាសន្តិសុខ សុវត្ថិភាព យូរអង្វែងក្នុងតំបន់។

លើបញ្ហាសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ី និងជម្លោះនៅមជ្ឈិមបូព៌ា សម្ដេចតេជោប្រធានព្រឹទ្ធសភា និងលោក អូស្ទីន បានឯកភាពគ្នាថា សង្រ្គាមមិនអាចបញ្ចប់សង្គ្រាមបានទេ គឺត្រូវតែមានដំណោះស្រាយតាមការចរចារ ពិសេសក៏បានឯកភាពគ្នាទៅលើដំណោះស្រាយរដ្ឋពីរសម្រាប់មជ្ឈិមបូព៌ា ដែលនឹងផ្ដល់នូវសុខសន្តិភាពយូរអង្វែងសម្រាប់អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន។

លោក អូស្ទីន ក៏បាលបង្ហាញពីបំណងប្រាថ្នាក្នុងការជម្រុញវិស័យសេដ្ឋកិច្ច និងវិនិយោគអាមេរិកមកកម្ពុជាឲ្យបានច្រើនទៀត។ សម្ដេចតេជោ ក៏បានសម្ដែងការអរគុណ ហើយក៏បញ្ជាក់បន្ថែមថា ពេលដែលទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការកើនឡើង នោះនឹងគាំទ្រដល់វិស័យនយោបាយអោយរឹងមាំផងដែរ។ សម្ដេចតេជោ ក៏បានបានសម្ដែងនូវក្ដីសង្ឃឹមថា ឯកឧត្តមអូស្ទីន នឹងជម្រុញឲ្យអ្នកវិនិយោគអាមេរិកមកកម្ពុជាច្រើនថែមទៀត។
ជាចុងក្រោយ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានជូនពរ លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក និងគណៈប្រតិភូ និង បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរជ័យ ជូនចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បាយដិន (Joe Biden) តាមរយៈឯកឧត្តមរដ្ឋមន្ត្រីការពារជាតិផងដែរ។

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោប្រធានព្រឹទ្ធសភា ដែលបានផ្ដល់ពេលវេលា អោយ ឯកឧត្ដម និងគណៈប្រតិភូចូលជួបនៅថ្ងៃនេះ ដែលជំនួបនេះនឹងផ្ដល់នូវប្រយោជន៍នាពេលអនាគតដ៏ល្អប្រសើរសម្រាប់ប្រទេសទាំងពីរក្នុងទំនាក់ទំនងជាមួយគ្នា។ ជំនួបពិភាក្សាត្រូវបានបញ្ចប់ក្នុងស្មារតីស្មោះត្រង់ ប្រកបដោយបរិយាកាសរីករាយ៕

ដោយ ៖ សិលា


ចែករំលែក៖