ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន សំណូមពរ សហរដ្ឋអាមេរិក កុំយកកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្តាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសំណូមពរ សហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ថាកម្ពុជាបានអនុវត្តនយោបាយរបស់ខ្លួនផ្អែកលើច្បាប់។ ឆ្លៀតក្នុងឪកាសនេះដែរ សម្ដេចតេជោ ក៏បានអរគុណចំពោះ សហរដ្ឋអាមេរិក ដែលបានជួយកម្ពុជាក្នុងវិស័យជាច្រើន ហើយដើម្បីធ្វើឲ្យទំនាក់ទំនងកាន់តែប្រសើរឡើងនោះ ប្រទេសទាំងពីរត្រូវបំព្រួញឧបសគ្គឲ្យនៅតូច និងពង្រីកកិច្ចសហការឲ្យកាន់តែច្រើន និងមានប្រសិទ្ធភាព។ 

ការមានប្រសាសន៍នេះក្នុងឱកាស សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅព្រឹកទី៤ ខែមិថុនា ឆ្នាំ២០២៤  នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ 

សម្ដេចតេជោ មានប្រសាសន៍ថាអ្វីដែលយើងមានកិច្ចសហប្រតិបត្តិការពីអតីតកាល កិច្ចសន្ទនារវាងក្រសួងការពារជាតិទាំងពីរ ការសន្ទនានានា ការធ្វើសមយុទ្ធរួមគ្នា គឺត្រូវតែបន្តធ្វើការជាមួយគ្នាតទៅទៀត។ សម្ដេចតេជោ និងឯកឧត្តមអូស្ទីន បានឯកភាពគ្នាលើការបន្តអោយមានការសន្ទនាគ្នាដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកដើម្បីអនាគត។ 

លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ក៏បានកោតសរសើរចំពោះសម្ដេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបង្ហាញជំហរយ៉ាងរឹងមាំក្នុងវិស័យការពារជាតិដើម្បីរៀបចំនូវទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ហើយក្នុងនោះ សហរដ្ឋអាមេរិកនឹងបើកឡើងវិញ អនុញ្ញាតឱ្យនិស្សិតកម្ពុជាទៅសិក្សានៅសាលា Westpoint របស់អាមេរិក ផ្លាស់ប្ដូរការសន្ទនាក្នុងវិស័យយោធា សមយុទ្ធរួមគ្នាដើម្បីសង្គ្រោះ ការគ្រប់គ្រងគ្រោះមហន្តរាយ បន្តការបណ្ដុះបណ្ដោយក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ដោយចាប់ផ្ដើមកិច្ចសន្ទនាការពារជាតិដើម្បីដោះស្រាយភាពខុសគ្នា ដើម្បីកសាងនូវទំនុកចិត្តអោយកាន់តែខ្លាំងដើម្បីអនាគតរបស់ប្រទេសទាំងពីរ ដែលមានផលប្រយោជន៍ទៅវិញទៅមក។ 

ជាមួយគ្នានេះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនាដែលនឹងត្រូវចាប់ផ្ដើម ព្រោះការនៅឆ្ងាយពីគ្នានឹងនាំអោយបាត់បង់ព័ត៌មាន ។ សម្ដេចតេជោ បានចាត់ទុកថា អ្វីដែលជាអទិភាពគឺការសន្ទនាជាពិសេសនៅក្នុងវិស័យការពារជាតិ ធ្វើយ៉ាងណាឱ្យអស់ការសង្ស័យរវាងគ្នាទៅវិញទៅមក និងកសាងនូវទំនុកចិត្តឲ្យកាន់តែខ្លាំងឡើងវិញរវាងប្រទេសទាំង២។ 

សូមបញ្ជាក់ថា ៖ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្រ្តីការពារជាតិអាមេរិក បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ។ 

នៅទីស្តីការក្រសួងការពារជាតិ មុននឹងជំនួបពិភាក្សានេះ ក៏មានពិធីរៀបចំទទួលស្វាគមន៍ លោក ឡយ អូស្ទីន ផងដែរ។

ជំនួបនេះ បានធ្វើឡើងបន្ទាប់ពី លោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៩ព្រឹកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។ ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ឡយ អូស្ទីន ត្រូវបានទទួល បានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ តំណាងអគ្គមេបញ្ជា ការកងយោធពល ខេមរភូមិន្ទ និងតំណាងមេបញ្ជាការកងទ័ពទាំង៣ប្រភេទរបស់កម្ពុជាផងដែរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖