ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ទូច សុខ: បានបញ្ជាក់ថា សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច បានចេញតាំងថ្ងៃទី២ ខែឧសភា កន្លងទៅ ដើម្បីស្រាវជ្រាវករណីដោះលែងជនជាតិចិន ៨រូប

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បានធ្វើការបញ្ជាក់យ៉ាងដូច្នេះថា , សេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ច បានចេញតាំងថ្ងៃទី២ ខែឧសភា កន្លងទៅ បើគិតមកដល់បច្ចុប្បន្ននេះ ថាមានរយៈពេលមួយខែចុះ ។ លោកបណ្ឌិតបានបន្តថា , មូលហេតុដែលបង្កើតគណៈកម្មការចំពោះកិច្ចនេះ ដោយសារមានភាពមិនប្រក្រតីដោយអន្លើ នៃការអនុវត្តនីតិវិធី ក្នុងការដោះលែងជនជាតិចិន ៨នាក់ ដែលឆ្លងដែនចូលទឹកដីកម្ពុជាយើងដោយខុសច្បាប់ ។ ដូច្នេះដើម្បីធ្វើឲ្យប្រាកដប្រជា ថាតើរឿងនេះវាបែបណា ពាក់ព័ន្ធអ្វីខ្លះ ហើយជនជាតិចិនទាំងនោះអាចពាក់ព័ន្ធជាមួយអ្វីដែលនោះ បែបនេះហើយទើបមានគណៈកម្មការចម្រុះមួយ បង្កើតជាបន្ទាន់ក្នុងការស៊ើបអង្កេតស្រាវជ្រាវ ប្រមូលព័ត៌មានទាំងអស់ហ្នឹង ។ ក្នុងនឹងគឺបង្កើតដោយ ស្ថាប័នចម្រុះ មានខាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ខាងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺមានអភិបាលរងខេត្ត ហើយខាងកម្លាំងកងរាជអាវុធហត្ថ គឺមានមេបញ្ជាការរងមួយរូប ដែលមានជំនាញខាងស៊ើបអង្កេតស្រាវជ្រាវ ដាក់ពីក្រសួងមហាផ្ទៃទៅដើម្បីធ្វើការរួមគ្នា ធ្វើឱ្យប្រាកដប្រជាលើករណីទាំងអស់នេះ ។

លោកបណ្ឌិត ទូច សុខ: បានបន្តថា, ចំពោះលទ្ធផលវិញ ក្នុងដំណាក់កាលស៊ើបអង្កេត ស្រាវជ្រាវ ជាគោលការណ៍ច្បាប់ មិនអាចនិយាយជាសាធារណៈជូនបានទេ។ ហើយម្យ៉ាងវិញទៀត ពាក់ព័ន្ធទៅនឹងភាពសម្ងាត់នៃ មុខសញ្ញា មិនត្រូវនិយាយដើម្បីបណ្ដាលឱ្យបែករឿងនោះទេ។ ត្រូវរក្សាការសម្ងាត់ ដរាបណា ការស៊ើបអង្កេតប្រមូលព័ត៌មានរបស់សមត្ថកិច្ច ក្តោបជុំហើយបានធ្វើរបាយការណ៍មួយ ដាក់ជូនលោកអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ ដើម្បីពិនិត្យនិងសម្រេច ត្រូវអនុវត្តដោយរបៀបម៉េចបន្តទៀត ចំពោះលទ្ធផលនៃការស៊ើបអង្កេតស្រាវជ្រាវនេះ។
លោកបណ្ឌិត ទូច សុខ: អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃបានបញ្ជាក់ទៀតថា, ចំពោះស្ថានភាពលបលួចនៃការឆ្លងដែន ទៅរដ្ឋណាមួយ ជាទូទៅតែងកើតមាន ។ សម្រាប់កម្ពុជាវិញមួយរយៈនេះ យើងមើលឃើញថាមានការថមថយ បន្ទាប់ពីយើងអនុវត្តច្បាប់ អន្តោប្រវេសន៍ ក៏ដូចជាការរឹតបន្តឹងតាមច្រកទ្វារ ទាំងផ្លូវគោក ទឹក ដែនអាកាសជាដើម។ លោកបណ្ឌិតបន្តថា, ប៉ុន្តែយើងនៅតែទទួលស្គាល់ថា ជនល្មើស ឬអ្នកដែលមានបំណង ក្នុងការលបលួចឆ្លងដែន គេចវេសពីសមត្ថកិច្ច អាចមានខ្លះដែរ ខណៈព្រំដែនរបស់យើងមិនមានការធ្វើរបង វាមានច្រកនេះច្រកនោះ ចន្លោះប្រហោង អាចលួចឆ្លងកាត់បាន ។ ប៉ុន្តែត្រង់ថាឲ្យកើនឡើង មិនត្រូវកើនឡើងនោះឡើយ គឺមានការថមថយគួរឱ្យគាត់សម្គាល់ បន្ទាប់ពីយើងអនុវត្តច្បាប់អន្តោប្រវេសន៍ និងរឹតបន្តឹង ច្រកទាំងបីមានផ្លូវគោក ផ្លូវទឹក និងតាមដែនអាកាស ។ សមត្ថកិច្ចយើងនៅតែបន្តអនុវត្តឱ្យមានប្រសិទ្ធភាព ការរឹតបន្តឹងចូលតាមច្រកព្រំដែន ការរៀបចំសន្តិសុខ ដោយឆន្ទៈរឹតបន្តឹង ។ ដូច្នេះហើយក្នុងករណីភាពមិនប្រក្រតីមួយកើតឡើងនៅខេត្តស្ទឹងត្រែង ទើបថ្នាក់ដឹកនាំ បង្កើតគណៈកម្មការចំពោះកិច្ច មួយកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស៊ើបអង្កេតស្រាវជ្រាវ រកឲ្យឃើញនូវមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការអនុវត្តជាបន្តបន្ទាប់ ទប់ស្កាត់ ការពារ បង្ការនិងបង្ក្រាប បានទាន់ពេលវេលា ឱ្យមានប្រសិទ្ធភាពចំពោះការ លបលួចចូលទឹកដីកម្ពុជាដែលគាត់ចូលដោយខុសច្បាប់នោះ៕

ដោយ ៖ សិលា


ចែករំលែក៖