ព័ត៌មានទាន់ហេតុការណ៍៖

ទូតកម្ពុជា ទទួលជួប អគ្គរដ្ឋទូតនៃ ពិព័រណ៍សាកវប្បកម្មអន្តរជាតិ ២០២៧ យូកូហាម៉ា (International Horticultural Expo 2017 Yokohama)

ចែករំលែក៖

ប្រទេសជប៉ុន ៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន អមដោយលោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជ កម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក Kazuhiko KOSHIKAWA អគ្គរដ្ឋទូតនៃ ពិព័រណ៍សាកវប្បកម្មអន្តរជាតិ ២០២៧ យូកូហាម៉ា (International Horticultural Expo 2017 Yokohama) និងជាអតីតអគ្គរដ្ឋទូតKazuhiko ជប៉ុនប្រចាំប្រទេសហ្វ៊ីលីពីន និងប្រទេសអេស្ប៉ាញ។

ក្នុងកិច្ចប្រជុំនេះ លោកអគ្គរដ្ឋទូត Kazuhiko KOSHIKAWA បានណែនាំខ្លួន គាត់ ដែលទើបបានតែងតាំងជា អគ្គរដ្ឋទូតនៃ ពិព័រណ៍សាកវប្បកម្មអន្តរជាតិ ២០២៧ យូកូហាម៉ា កាលពីខែមេសាថ្មីៗនេះ និងធ្វើបទបង្ហាញអំពីការត្រៀមលក្ខណៈរបស់ រដ្ឋាភិបាលជប៉ុន ក្នុងការរៀបចំពិព័រណ៍ អន្តរ ជាតិ នេះ ក្រោមប្រធានបទ “Scenery of the Future of Happiness” ដែលនឹងប្រព្រឹត្ត ទៅរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៧ នៅទីក្រុងយូកូហាម៉ា ខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន។ ជាមួយគ្នានេះ លោកអគ្គរដ្ឋទូត Kazuhiko បាន អញ្ជើញភាគីកម្ពុជា ចូលរួម និងគាំទ្រ ពិព័រណ៍សាកវប្បកម្មអន្តរ ជាតិនេះ និងបានជម្រាប ជូនថា ភាគីជប៉ុន នឹងផ្តល់ជូនកម្ពុជា នូវពន្លាជាតិ មួយ ទំហំ ២០ម៉ែត្រការ៉េ នៅទីតាំងសួនអន្តរជាតិ (International Garden Type)។ 

លោកអគ្គរដ្ឋទូត Kazuhiko បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលជប៉ុន បានផ្ញើលិខិតអញ្ជើញផ្លូវការ ជូនភាគី កម្ពុជារួចហើយ តាំងពីខែមីនា ឆ្នាំ២០២៣ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ភាគីកម្ពុជា នឹងបញ្ជាក់ពីការចូលរួមរបស់ខ្លួន ឆាប់ៗនេះ មុនចុងខែតុលា ឆ្នាំ២០២៤ ដែលជាថ្ងៃកំណត់ (Deadline)។

ជាកិច្ចឆ្លើយតប លោក ទុយ រី បានសម្តែងនូវក្តីរីករាយ ដែលប្រទេសជប៉ុន ត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជាម្ចាស់ផ្ទះ សម្រាប់ការរៀបចំ ពិព័រណ៍សាកវប្បកម្មអន្តរ ជាតិ ២០២៧ និងជាពិសេសអបអរសាទរជូន ចំពោះ ឯកឧត្តម Kazuhiko KOSHIKAWA ដែលត្រូវបានតែងតាំងជា អគ្គរដ្ឋទូតសម្រាប់ ពិព័រណ៍សាកវប្បកម្មអន្តរជាតិ ២០២៧ យូកូហាម៉ា។ លោកឯកអគ្គរាជទូតកម្ពុជា បានវាយតម្លៃខ្ពស់អំពីសារៈប្រយោជន៍សំខាន់ៗនៃការរៀបចំពិព័រណ៍អន្តរជាតិនេះ និងថ្លែង អំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបាន ផ្តល់នូវពន្លាជាតិមួយ ទំហំ ២០ម៉ែត្រការ៉េ សម្រាប់ការចូលរួមរបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានស្នើសុំភាគី ជប៉ុន រៀបចំលិខិតអញ្ជើញផ្លូវការថ្មី ផ្ញើជូន រាជរដ្ឋា ភិបាល កម្ពុជាម្តងទៀត ដោយមាន បញ្ចូល នូវព័ត៌មាននៃថ្ងៃកំណត់បញ្ជាក់ ពីកា រ ចូលរួម និងចំណុចអ្វីខ្លះដែលភាគីជប៉ុននឹង ផ្តល់ឱ្យភាគីកម្ពុជា ដែលសំណើនេះ ត្រូវបាន ឯកភាពដោយ លោកអគ្គរដ្ឋទូត Kazuhiko ថានឹងរៀបចំផ្ញើជូនរាជរដ្ឋា ភិបាល កម្ពុជាសារជា ថ្មី នាពេលឆាប់ៗខាងមុខ នេះ ផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖