ភ្នំពេញ ៖ លោក ផេង ទី អគ្គនាយករងផ្គត់ផ្គង់ទឹក នៃរដ្ឋាករស្វយ័តក្រុងភ្នំពេញប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៤ នេះថា ៖ បច្ចុប្បន្ន តម្រូវការទឹកក្នុងរាជធានីភ្នំពេញ ប្រមាណជាង ៩៣ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយនឹងអាចកើនដល់ ១លានម៉ែត្រគួបនៅពេលខាងមុខ។
ដូច្នេះគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ តម្លៃ ១០២ លានដុល្លារ និងមានសមត្ថភាពផ្គត់ទឹកស្អាត ដល់មនុស្ស ៧៥ ម៉ឺននាក់ គ្រោងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ២០២៤ នេះ ដើម្បីបង្កើនសមត្ថភាព ផលិត ទឹកស្អាតនៅរាជធានីភ្នំពេញ។
ជុំវិញគម្រោងនេះ ! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់កិច្ចសន្យាឱ្យក្រុមហ៊ុន Vinci Construction Grands Projets (CGR) ក្នុងការបន្តសាងសង់រោងចក្រផលិតទឹកស្អាតផ្គត់ផ្គង់បាក់ខែងជំហានទី ៣ ដែលមានតម្លៃ ប្រមាណ ១០២ លានដុល្លារ រយៈពេល ៣៦ខែ។
សូមជំរាបថា ៖ ការដ្ឋានសំណង់ជំហានទី៣ នឹងផ្តល់ការងារដល់មនុស្ស ១៦០០នាក់ ដែលភាគច្រើននៃកម្មករ និងអ្នកមើលការខុសត្រូវគឺជាជន ជាតិខ្មែរ និងកម្លាំងពលកម្មជាស្ត្រីត្រូវបានគេរំពឹងថា នឹងមានចំនួន ៣០% នៃកម្លាំងពលកម្មសរុប ហើយក្រុមហ៊ុន VINCI នឹងបណ្តុះបណ្តាលពួកគេផ្នែកសំណង់។
លោក ផេង ទី បញ្ជាក់ថា ៖ នៅពេលដែល សាងសង់រោងចក្រទាំងអស់រួចរាល់នៅរាជធានីភ្នំពេញនឹងមានរោងចក្រផលិតកម្មទឹកស្អាតចំនួន ៦ ដែលមានសមត្ថភាព ផលិតរហូតដល់ ១,៨ លានម៉ែត្រគូប៕
ដោយ ៖ សិលា