ភ្នំពេញ ៖ បើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីថ្ងៃ អាទិត្យបានបញ្ជាក់ឱ្យដឹងថា ៖ កម្ពុជាបាននាំចេញ ផលិតផល ក្នុងវិស័យ វាយនភណ្ឌ ទៅទីផ្សារ អន្តរជាតិក្នុងទឹកប្រាក់ជាង ៤,៩៦ ពាន់លានដុល្លារ នៅ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៤ មានការកើនឡើង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ប្រាប់សារព័ត៌មាន នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ថា ៖ រោងចក្រសហគ្រាសបរទេសចូលមកវិនិយោគនៅកម្ពុជាមានកំណើន ខណៈទីផ្សារ នៃការ បញ្ជា ទិញមានការកើនឡើងនៅអាមេរិក និងអឺរ៉ុប ទន្ទឹមនឹងប្រទេសនៅអាស៊ីមួយ ចំនួនកំពុងជួប វិបត្តិផ្នែក សន្តិសុខ និងនយោបាយធ្វើឱ្យរោងចក្រមួយចំនួរុះរើ មកកម្ពុជាដែលធ្វើឱ្យមានការផលិតកែច្នៃ និងនាំចេញកើនឡើងនៅកម្ពុជា។
តាមរបាយការណ៍ដដែលបង្ហាញថា ៖ គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៤ ការនាំចេញសម្លៀក បំពាក់មានទឹកប្រាក់ ៣,៦២ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយ បើធៀបនឹងរយៈ ពេលដូចនៅឆ្នាំ ២០២៣។ រីឯទឹកប្រាក់នាំចេញស្បែកជើងសម្រេចបាន ៦១៥ លានដុល្លារ កើន ១០ ភាគរយ ខណៈផលិតផលធ្វើដំណើរសម្រេចបាន ៧២៦ លានដុល្លារ កើនឡើងជាង ១៨ភាគរយ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅក្នុងរយៈពេល ៥ ខែចាប់ពីខែមករា ដល់ខែឧសភា ដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្ម អន្តរជាតិរបស់កម្ពុជាសម្រេចបានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣ ភាគរយ បើធៀបរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាម GDCE ទំនិញកម្ពុជានាំចេញ របស់កម្ពុជាទៅទីផ្សារអន្តរជាតិបានជាង ១០,០៧ ពាន់លានដុល្លារ កើន ១៥,៤ ភាគរយ ខណៈទំនិញនាំចូល ១១,២៦ ពាន់លានដុល្លារ កើន ១៣ ភាគរយ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែក សេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងដែរថា តម្រូវការនៅទីផ្សារអន្តរជាតិចាប់ផ្ដើមមានភាពល្អប្រសើរឡើង ខណៈទីផ្សារសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើររបស់កម្ពុជានាំចេញ ទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបភាគច្រើន។
លោកយល់ឃើញថា វិបត្តិនៅអាមេរិក និងអឺរ៉ុប ចាប់ផ្ដើមមានការធូរស្រាល ធ្វើឱ្យប្រជាជន មានលទ្ធភាពអាចធ្វើដំណើរកម្សាន្តចេញទៅបណ្ដាប្រទេសផ្សេងៗ ទើបធ្វើឱ្យមានតម្រូវការសម្លៀកបំពាក់ និងសម្ភារធ្វើដំណើររផ្សេងៗទៀតកើនឡើង៕
ដោយ ៖ សិលា