ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន សហការជាមួយក្រសួងឧស្សាហកម្ម លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងសកម្ម ក្នុងការជួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការងារផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ទៅដល់សាធារណជនឱ្យ បានដឹង ខណៈដែលមាន ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានដាក់លក់នៅលើទីផ្សារ តែផ្ទុយទៅវិញបងប្អូនប្រជាពលរដ្ឋរបស់យើងមិនបានដឹងថាតើសង្វាក់ផលិតកម្ម និង ដំណើរការ នៃការផលិតមានការវិវត្តយ៉ាងដូចម្តេចនោះនៅឡើយទេ។ បញ្ហានេះ ក្រសួងព័ត៌មានត្រូវតែជួយដល់ក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅលើការជួយផ្សព្វ ផ្សាយព័ត៌មានទាំងឡាយជូនទៅដល់ប្រជាពលរដ្ឋ ដើម្បីកសាងនូវ ទំនុកចិត្តបន្ថែមទៀត ទៅលើផលិតផលដែលយើងផលិតបាននៅក្នុងស្រុក រួមទាំងការកសាង នូវទំនុកចិត្តទៅលើគុណភាព ក៏ដូចជាកម្រិតស្តង់ដាផ្សេងៗចំពោះ ផលិតផលដែលយើង ផលិតបានផងដែរ។

នេះជាការលើកឡើងរបស់លោមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាពិធី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤នេះ។

សម្រាប់កិច្ចសហប្រតិបត្តិការលើការងារជួយផ្សព្វផ្សាយ របស់ក្រសួងព័ត៌មានជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពីវឌ្ឍនភាព ការងារជូនដល់សាធារណជន ដោយក្រសួងទាំងពីរចាំបាច់ត្រូវចាប់ដៃគ្នាក្នុងការផ្សព្វផ្សាយ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាក្រសួងមួយ ដ៏មានសារៈសំខាន់នៅក្នុងវិស័យឧស្សាហកម្ម និងការសិក្សាស្រាវជ្រាវលើ ផ្នែកវិទ្យាសាស្ត្រ ហើយក៏ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា រួមទាំងការបង្កើតនូវអ្វីដែលថ្មី នៅក្នុងក្របខ័ណ្ឌ នៃនវានុវត្តន៍របស់យើង ដែលក្រសួងព័ត៌មាន ពិតជាត្រូវដើរតួនាទីសំខាន់ នៅក្នុងការជំរុញការប្រើប្រាស់ការសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ គណិតវិទ្យា និងសិល្បៈ ហៅកាត់ថា(STEM) ដែលចាំបាច់ត្រូវចូលរួមក្នុងការផ្សព្វផ្សាយ ដែលក្រសួង ព័ត៌មានមានប្រព័ន្ធផ្សព្វផ្សាយជាតិរួមមាន៖ 

ទី១. ទូរទស្សន៍ជាតិកម្ពុជា(ទទក១,ទទក២) ដែល ទទក២ តាមគម្រោងនឹងត្រូវប្តូរឈ្មោះទៅជាទូរទស្សន៍ហ្វូណនវិញ ដើម្បីជាការផ្សារភ្ជាប់ ទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ, ទី២. វិទ្យុជាតិកម្ពុជាទាំង AM & FM ដែលគ្របដណ្តប់នៅ ទូទាំងប្រទេស, ទី៣.មាន APP ដែលជាប្រព័ន្ធ ផ្សព្វផ្សាយទំនើបមានទាំងទូរទស្សន៍ មានទាំងប្រព័ន្ធផ្សព្វផ្សាយតាមឌីជីថល និងទី៤. ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដែលជាប្រព័ន្ធផ្សព្វផ្សាយធំរបស់រដ្ឋ ហើយមានតួនាទីនៅក្នុងការជួយស្ថាប័នក្នុងការព្វផ្សាយ ស្របទៅនឹងចក្ខុវិស័យរបស់ ក្រសួងព័ត៌មាន ដែលត្រូវបានកំណត់ជាស្ថាប័នទំនាក់ ទំនងរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព សំដៅធ្វើយ៉ាងណាគឺបញ្ជូន ព័ត៌មានពិត និងត្រឹមត្រូវទៅដល់ប្រជាពលរដ្ឋ។

នាឱកាសនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍បានគូសបញ្ជាក់ថា ភាពជាដៃគូរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ជាមួយក្រសួង ព័ត៌មាននេះ គឺជារូបភាពដ៏សំខាន់ មួយនៃកិច្ចខិតខំប្រឹងប្រែងរួមរបស់ យើង ដើម្បីលើកកម្ពស់ការផ្សព្វ ផ្សាយអំពីការងារ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ ដែលរួមមាន ការអភិវឌ្ឍវិស័យឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ការផ្គត់ផ្គង់ទឹកស្អាត វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហេដ្ឋារចនា សម្ព័ន្ធគុណភាពជាតិ រួមទាំងមាតិការព័ត៌មានទាំងឡាយដែលនឹងផ្តល់សារៈប្រយោជន៍ដល់ សាធារណជន៕

ដោយ៖ សូរិយា


ចែករំលែក៖