ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅព្រឹកថ្ងៃអាទិត្យទី២៣ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តបតាមការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការសហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្រាវជ្រាវអំពី ករណីគណនី TikTok ឈ្មោះ Srey Pol 952 និងបានកោះអញ្ជើញម្ចាស់គណនីមកធ្វើការសាកសួរ ពាក់ព័ន្ធការផលិតវីដេអូមានលក្ខណៈដូចជាភ័យស្លន់ស្លោ រួមជាមួយសំឡេងផ្ទុះអាវុធ មានរយៈពេល ១០វិនាទី នៅក្នុងកំឡុងឆ្នាំ២០២៣ ប៉ុន្តែលុះដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៧:៤៦នាទីព្រឹក ស្រាប់តែខ្លួនបានឃេីញគណនី Tik Tok របស់ខ្លួន លោតរំលឹកវីដេអូចាស់ដែលបានបង្ហោះខាងលេីម្តងទៀត ពេលនោះ ខ្លួនក៏បានបង្ហោះលេងសារជាថ្មី ដែលមានអ្នកចូលមេីលសរុប ៨១៣.៣ ពាន់ មានអ្នកចូល Like ២៧ពាន់ អ្នកComment ២៩០នាក់ អ្នកចែករំលែក Share ៣១០នាក់ និងអ្នក Copy ១,៤៨៧នាក់។
ម្ចាស់គណនីខាងលើ បានសារភាពថាខ្លួនផលិតវីដេអូឡើងក្នុងចេតនាលេងកំសាន្ដ ដើម្បីទាក់ទាញការចូលមើល និងទទួលបានការ Like ច្រើន ដោយពុំបានគិតថាទង្វើនេះអាចបណ្ដាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនោះទេ។ បន្ទាប់ពីធ្វើការសាកសួរ និងអប់រំណែនាំ ម្ចាស់គណនីបានដឹងអំពីកំហុសរបស់ខ្លួន និងបានធ្វើការសុំទោសជាសាធារណៈ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នក្នុងការផលិតមាតិកា វីដេអូ និងការបញ្ចេញមតិលើប្រព័ន្ធបណ្ដាញសង្គម ជៀសវាងនូវអំពើណា ដែលមានផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម៕
ដោយ៖ តារា