ភ្នំពេញ៖ ចៅក្រមក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនជនត្រូវចោទ អតីតឧកញ៉ា ស្រី ស៊ីណា ដែលជាខ្មាន់កាំភ្លើង បាញ់សម្លាប់សម្លាប់ គូដណ្តឹង២នាក់បានបណ្តាលឲ្យស្លាប់នៅក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ នៅពន្ធនាគារព្រៃស (ម១)ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ ឃាតកម្ម និងបទ ប្រើ ប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់ គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និង បទ ប៉ុនប៉ងឃាតកម្ម និងបទ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលម៉ោង៣និង៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ គំរោងទី៧ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។
មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីម៉ាក បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។
បច្ចុប្បន្ន ជនត្រូវចោទ ដែលជាអតីត ឧកញ៉ា ស្រី សុីណា ត្រូវបានបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារម១ (ព្រៃស) រងចាំថ្ងៃ ប្រកាសសវនាការ ជំនុំជម្រះ ផ្តន្ទាទោស៕
ដោយ ៖ រ៉ារ៉ា