ភ្នំពេញ ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាររសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចធ្វើការ ចោទប្រកាន់លើឈ្មោះ វិត ប៊ុនឡុង ភេទប្រុស អាយុ១៨ឆ្នាំ (ឃាត់ខ្លួន) ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យអ្នកដទៃស្លាប់ តាមបទប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០១និង០៦នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចមហាវិថីព្រះនរោត្តម ប្រសព្វផ្លូវលេខ១៨៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រវាង ម៉ូតូមួយគ្រឿងម៉ាក HONDA C-125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ-6829 បើកបរដោយឈ្មោះ ជា ប៊ុនសេង ភេទប្រុស អាយុ៥៥ឆ្នាំ និងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA C-125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CR-1680 បើកបរដោយឈ្មោះ វិត ប៊ុនឡុង ភេទប្រុស អាយុ១៨ឆ្នាំ។ ហេតុការណ៍នេះ បានបណ្តាលឲ្យឈ្មោះ ជា ប៊ុនសេង ស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ផ្អែកតាមគំនូសវាស់វែងលើស្លាកស្នាមគ្រោះថ្នាក់ចរាចរណ៍ និងរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារ ភាគីម៉ូតូពាក់ផ្លាកលេខ ភ្នំពេញ 1JQ-6829 បើកបរមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ចំណែកភាគីម៉ូតូពាក់ផ្លាកលេខ ភ្នំពេញ 1CR-1680 បើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានបញ្ជូនទៅដំណាក់កាលចៅក្រមស៊ើបសួរបន្តនីតិវិធី ៕
ដោយ ៖ រ៉ារ៉ា